40. មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
41. ស្ដ្រីទាំងនោះជាអ្នកតាមបម្រើព្រះអង្គ កាលព្រះអង្គនៅក្នុងស្រុកកាលីឡេ ហើយស្ដ្រីច្រើននាក់ផ្សេងទៀត ជាអ្នកបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។
42. ថ្ងៃនោះជាថ្ងៃរៀបចំសម្រាប់ថ្ងៃសប្ប័ទ គឺមុនថ្ងៃសប្ប័ទមួយថ្ងៃ ហើយនៅល្ងាចនោះ
43. លោកយ៉ូសែបនៅក្រុងអើរីម៉ាថេ ជាសមាជិកឆ្នើមក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកដែលរង់ចាំនគរព្រះជាម្ចាស់ បានទៅជួបលោកពីឡាត់យ៉ាងក្លាហាន ហើយសុំយកសពព្រះយេស៊ូ
44. ពេលដឹងថាព្រះអង្គសោយទិវង្គត លោកពីឡាត់ឆ្ងល់ណាស់ ក៏ហៅនាយទាហានម្នាក់មកសួរ ដើម្បីឲ្យដឹងថាតើព្រះអង្គសោយទិវង្គតមែនឬមិនមែន
45. ពេលដឹងដំណឹងពីនាយទាហាននោះហើយ គាត់ក៏ប្រគល់សពព្រះអង្គឲ្យលោកយ៉ូសែប
46. លោកយ៉ូសែបក៏ទិញសំពត់ទេសឯក ហើយដាក់សពចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះក្នុងផ្នូរដែលដាប់នៅក្នុងថ្ម ហើយគាត់បានប្រមៀលថ្មបិទច្រកចូលក្នុងផ្នូរ
47. នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះសពព្រះអង្គ។