គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:36-47 Khmer Christian Bible (KCB)

36. មាន​បុរស​ម្នាក់​បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ ជ្រលក់​ទឹក​ខ្មេះ​ដាក់​នឹង​ដើម​ត្រែង​ រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គ​ផឹក​ដោយ​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ថា​តើ​លោក​អេលីយ៉ា​មក​ដោះ​គាត់​ចុះ​ដែរ​ឬ​អត់»​

37. ព្រះយេស៊ូ​ក៏​ស្រែក​យ៉ាង​ខ្លាំង​ ហើយ​បាន​ផុត​ដង្ហើម​ទៅ​

38. ពេល​នោះ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា​ពីរ​ ចាប់​ពី​លើ​រហូត​ដល់​ក្រោម​

39. កាល​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ជិត​ទល់​មុខ​នឹង​ព្រះអង្គ​ បាន​ឃើញ​ព្រះអង្គ​បាន​ផុត​ដង្ហើម​យ៉ាង​ដូច្នេះ​ ក៏​និយាយ​ថា៖​ «បុរស​នេះ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន»​

40. មាន​ស្ដ្រី​ខ្លះ​បាន​សម្លឹង​មើល​ពី​ចម្ងាយ​ ក្នុង​ចំណោម​នោះ​មាន​ទាំង​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​យ៉ាកុប​តូច​ និង​យ៉ូសេ​ ព្រម​ទាំង​នាង​សាឡូមេ​ដែរ​

41. ស្ដ្រី​ទាំង​នោះ​ជា​អ្នក​តាម​បម្រើ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ស្ដ្រី​ច្រើន​នាក់​ផ្សេង​ទៀត​ ជា​អ្នក​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​ជាមួយ​ព្រះអង្គ។​

42. ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​ គឺ​មុន​ថ្ងៃ​សប្ប័ទ​មួយ​ថ្ងៃ​ ហើយ​នៅ​ល្ងាច​នោះ​

43. លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​អ្នក​ដែល​រង់​ចាំ​នគរ​ព្រះជាម្ចាស់​ បាន​ទៅ​ជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ​

44. ពេល​ដឹង​ថា​ព្រះអង្គ​សោយ​ទិវង្គត​ លោក​ពីឡាត់​ឆ្ងល់​ណាស់​ ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយ​ទិវង្គត​មែន​ឬ​មិន​មែន​

45. ពេល​ដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​ គាត់​ក៏​ប្រគល់​សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប​

46. លោក​យ៉ូសែប​ក៏​ទិញ​សំពត់​ទេស​ឯក​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯក​នោះ​ បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​នៅ​ក្នុង​ថ្ម​ ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ​

47. នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ូសេ​ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​សព​ព្រះអង្គ។​

សូមអានជំពូកពេញលេញ ម៉ាកុស 15