គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:25-36 Khmer Christian Bible (KCB)

25. ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​

26. ហើយ​មាន​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​ថា​ «ស្ដេច​របស់​ជន​ជាតិ​យូដា»​

27. ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​

28. [នេះ​ស្រប​តាម​បទ​គម្ពីរ​ចែង​ថា៖​ «ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់»]​

29. ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​

30. ចូរ​សង្គ្រោះ​ខ្លួន​ឯង​ ហើយ​ចុះ​ពី​លើ​ឈើ​ឆ្កាង​មក»​

31. ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូ​វិន័យ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​បែប​ដូច្នោះ​ដែរ​ថា៖​ «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​

32. ចូរ​ឲ្យ​ព្រះគ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​លើ​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ ដើម្បី​ឲ្យ​យើង​ឃើញ​ និង​ជឿ​ផង»​ ឯ​ពួក​អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដែរ។​

33. លុះ​ដល់​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​

34. នៅ​ម៉ោង​បី​រសៀល​នោះ​ ព្រះយេស៊ូ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេឡយៗ​ ឡាម៉ាសាបាច់ថានី»​ ដែល​ប្រែ​ថា៖​ «ឱ​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ហេតុ​អ្វី​ព្រះអង្គ​បោះ​បង់​ខ្ញុំ​ដូច្នេះ?»​

35. អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​

36. មាន​បុរស​ម្នាក់​បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ ជ្រលក់​ទឹក​ខ្មេះ​ដាក់​នឹង​ដើម​ត្រែង​ រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គ​ផឹក​ដោយ​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ថា​តើ​លោក​អេលីយ៉ា​មក​ដោះ​គាត់​ចុះ​ដែរ​ឬ​អត់»​

សូមអានជំពូកពេញលេញ ម៉ាកុស 15