23. ពួកគេឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរលាយជាមួយថ្នាំម្យ៉ាង ប៉ុន្ដែព្រះអង្គមិនបានផឹកទេ
24. ពួកគេក៏ឆ្កាងព្រះអង្គ ហើយយកអាវមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអាវនោះ
25. ពួកគេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក
26. ហើយមានចំណារសរសេរកាត់ទោសព្រះអង្គថា «ស្ដេចរបស់ជនជាតិយូដា»
27. ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង
28. [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»]
29. ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
30. ចូរសង្គ្រោះខ្លួនឯង ហើយចុះពីលើឈើឆ្កាងមក»
31. ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ
32. ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។