គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:20-30 Khmer Christian Bible (KCB)

20. កាល​ពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​ និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ ដើម្បី​យក​ទៅ​ឆ្កាង។​

21. មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នក​ក្រុង​គីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​

22. ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ (ដែល​ប្រែ​ថា​ តំបន់​លលាដ៍​ក្បាល)​

23. ពួកគេ​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹក​ទេ​

24. ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ​ ហើយ​យក​អាវ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អាវ​នោះ​

25. ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​

26. ហើយ​មាន​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​ថា​ «ស្ដេច​របស់​ជន​ជាតិ​យូដា»​

27. ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​

28. [នេះ​ស្រប​តាម​បទ​គម្ពីរ​ចែង​ថា៖​ «ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់»]​

29. ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​

30. ចូរ​សង្គ្រោះ​ខ្លួន​ឯង​ ហើយ​ចុះ​ពី​លើ​ឈើ​ឆ្កាង​មក»​

សូមអានជំពូកពេញលេញ ម៉ាកុស 15