8. នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
9. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលគេប្រកាសដំណឹងល្អ គេក៏និយាយពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។
10. យូដាសអ៊ីស្ការីយ៉ុត ជាសាវកម្នាក់នៅក្នុងចំណោមសាវកទាំងដប់ពីរ បានទៅជួបពួកសម្ដេចសង្ឃ ដើម្បីប្រគល់ព្រះអង្គទៅឲ្យពួកគេ
11. ពេលពួកគេឮ ក៏ត្រេកអរណាស់ និងបានសន្យាឲ្យលុយដល់គាត់ រួចគាត់ក៏រកមធ្យោបាយ ដើម្បីប្រគល់ព្រះអង្គទៅឲ្យគេតាមពេលវេលាសមស្រប។
12. នៅថ្ងៃទីមួយនៅថ្ងៃបុណ្យនំបុ័ងឥតមេ ពេលគេសម្លាប់កូនចៀមធ្វើបុណ្យរំលង ពួកសិស្សសួរព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅកន្លែងណា?»
13. ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ទៅ ដោយមានបន្ទូលថា៖ «ចូរទៅក្នុងក្រុងនោះ អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ហើយទៅតាមអ្នកនោះចុះ
14. ពេលគាត់ចូលក្នុងផ្ទះមួយណា ចូរប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា?
15. គាត់នឹងបង្ហាញដល់អ្នករាល់គ្នានូវបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។
16. សិស្សទាំងពីរនាក់នោះក៏ចេញទៅ ហើយពេលចូលដល់ក្នុងក្រុង ពួកគេឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះ ពួកគេក៏រៀបចំពិធីបុណ្យរំលង
17. លុះដល់ពេលល្ងាច ព្រះអង្គក៏មកជាមួយនឹងសាវកទាំងដប់ពីរ។