គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:61-72 Khmer Christian Bible (KCB)

61. តែ​ព្រះអង្គ​នៅ​ស្ងៀម​ មិន​ឆ្លើយ​អ្វី​ឡើយ​ សម្ដេច​សង្ឃ​ក៏​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​ជា​ព្រះគ្រិស្ដ​ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​មែន​ឬ?»​

62. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «គឺ​ខ្ញុំ​ហើយ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»​

63. សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា​ «តើ​យើង​នៅ​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?​

64. អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​

65. អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ បិទ​មុខ​ព្រះអង្គ​ ហើយ​ដាល់​ព្រះអង្គ​ រួច​និយាយ​ថា៖​ «ទាយ​ទៅ​មើល៍!»​ ពួក​កង​រក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះ​កំផ្លៀង​

66. ពេល​នោះ​លោក​ពេត្រុស​កំពុង​តែ​នៅ​ទីលាន​ខាង​ក្រោម​ ហើយ​មាន​ស្ដ្រី​ម្នាក់​ ជា​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ​មក​ដល់។​

67. កាល​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង​ នាង​បាន​សម្លឹង​មើល​គាត់​ ហើយ​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​

68. ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «ខ្ញុំ​មិន​ដឹង​ និង​មិន​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​និយាយ​នោះ​ទេ»​ រួច​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​មុខ​សាលា​ មាន់​ក៏​រងាវ​ឡើង​

69. ហើយ​ស្រី​បម្រើ​ម្នាក់​ដែល​បាន​ឃើញ​គាត់​ ក៏​ចាប់​ផ្ដើម​ប្រាប់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ម្ដង​ទៀត​ថា៖​ «អ្នក​នេះ​ក៏​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​ដែរ»​

70. ប៉ុន្ដែ​គាត់​បដិសេធ​ម្ដង​ទៀត​ រួច​មួយ​សន្ទុះ​ក្រោយ​មក​អ្នក​ដែល​ឈរ​ក្បែរ​នោះ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ម្ដង​ទៀត​ថា៖​ «អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ប្រាកដ​ណាស់​ ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ»​

71. គាត់​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ព្រម​ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​ដែល​ពួក​អ្នក​កំពុង​និយាយ​នេះ​ទេ»​

72. ភ្លាម​នោះ​ មាន់​ក៏​រងាវ​ឡើង​ជា​លើក​ទី​ពីរ​ លោក​ពេត្រុស​នឹក​ចាំ​ពី​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​គាត់​ថា៖​ «មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​ថា​មិន​ស្គាល់​ខ្ញុំ​បី​ដង»​ រួច​គាត់​ក្ដុក​ក្ដួល​ក្នុង​ចិត្ដ​ ហើយ​ក៏​ទ្រ​ហោ​យំ។​

សូមអានជំពូកពេញលេញ ម៉ាកុស 14