គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:55-71 Khmer Christian Bible (KCB)

55. ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ជាន់​កំពូល​ទាំង​មូល​បាន​រក​សាក្សី​ប្រឆាំង​នឹង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​

56. ព្រោះ​មនុស្ស​ច្រើន​នាក់​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ប្រឆាំង​ព្រះអង្គ​ ប៉ុន្ដែ​បន្ទាល់​ទាំង​នោះ​មិន​ស្រប​គ្នា​ទេ​

57. អ្នក​ខ្លះ​បាន​ក្រោក​ឡើង​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ប្រឆាំង​នឹង​ព្រះអង្គ​ថា៖​

58. «យើង​បាន​ឮ​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​បំផ្លាញ​ព្រះ​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល​ ហើយ​បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​សង់​មួយ​ទៀត​ដែល​មិន​ធ្វើ​ពី​ដៃ​មនុស្ស​ទេ»​

59. ទោះ​ជា​ដូច្នេះ​ក្ដី​ ក៏​បន្ទាល់​របស់​ពួកគេ​មិន​ស្រប​គ្នា​សោះ​

60. សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួកគេ​ សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​ចំពោះ​អ្វី​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​

61. តែ​ព្រះអង្គ​នៅ​ស្ងៀម​ មិន​ឆ្លើយ​អ្វី​ឡើយ​ សម្ដេច​សង្ឃ​ក៏​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​ជា​ព្រះគ្រិស្ដ​ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​មែន​ឬ?»​

62. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «គឺ​ខ្ញុំ​ហើយ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»​

63. សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា​ «តើ​យើង​នៅ​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?​

64. អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​

65. អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ បិទ​មុខ​ព្រះអង្គ​ ហើយ​ដាល់​ព្រះអង្គ​ រួច​និយាយ​ថា៖​ «ទាយ​ទៅ​មើល៍!»​ ពួក​កង​រក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះ​កំផ្លៀង​

66. ពេល​នោះ​លោក​ពេត្រុស​កំពុង​តែ​នៅ​ទីលាន​ខាង​ក្រោម​ ហើយ​មាន​ស្ដ្រី​ម្នាក់​ ជា​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ​មក​ដល់។​

67. កាល​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង​ នាង​បាន​សម្លឹង​មើល​គាត់​ ហើយ​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​

68. ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «ខ្ញុំ​មិន​ដឹង​ និង​មិន​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​និយាយ​នោះ​ទេ»​ រួច​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​មុខ​សាលា​ មាន់​ក៏​រងាវ​ឡើង​

69. ហើយ​ស្រី​បម្រើ​ម្នាក់​ដែល​បាន​ឃើញ​គាត់​ ក៏​ចាប់​ផ្ដើម​ប្រាប់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ម្ដង​ទៀត​ថា៖​ «អ្នក​នេះ​ក៏​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​ដែរ»​

70. ប៉ុន្ដែ​គាត់​បដិសេធ​ម្ដង​ទៀត​ រួច​មួយ​សន្ទុះ​ក្រោយ​មក​អ្នក​ដែល​ឈរ​ក្បែរ​នោះ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ម្ដង​ទៀត​ថា៖​ «អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ប្រាកដ​ណាស់​ ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ»​

71. គាត់​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ព្រម​ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​ដែល​ពួក​អ្នក​កំពុង​និយាយ​នេះ​ទេ»​

សូមអានជំពូកពេញលេញ ម៉ាកុស 14