គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:39-54 Khmer Christian Bible (KCB)

39. ព្រះអង្គ​ក៏​ចេញ​ទៅ​ម្ដង​ទៀត​ និង​បាន​អធិស្ឋាន​តាម​ពាក្យ​ដដែល​ដូច​ព្រះអង្គ​មាន​បន្ទូល​ពី​មុន​

40. ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​ងងុយ​បើក​ភ្នែក​មិន​រួច​ ហើយ​គេ​មិន​ដឹង​ថា​ គួរ​ឆ្លើយ​នឹង​ព្រះអង្គ​យ៉ាង​ដូច​ម្ដេច​ឡើយ​

41. កាល​ព្រះអង្គ​យាង​មក​ជា​លើក​ទី​បី​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​ដេក​ និង​សម្រាក​ដល់​ពេល​ណា​ទៀត?​ ល្មម​ហើយ​ មើល៍​ ពេល​កំណត់​មក​ដល់​ហើយ​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​ពួក​មនុស្ស​បាប​

42. ចូរ​ក្រោក​ឡើង​ យើង​នាំ​គ្នា​ទៅ​ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។​

43. កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​យូដាស​ជា​សាវក​ម្នាក់​ នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ក៏​មក​ដល់​ភ្លាម​ ហើយ​មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​ និង​ដំបង​មក​ជាមួយ​គាត់​ដែរ​ អ្នក​ទាំង​នោះ​មក​ពី​ខាង​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​ចាស់​ទុំ​

44. អ្នក​ក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យ​សញ្ញា​ទៅ​ពួកគេ​ ដោយ​និយាយ​ថា៖​ «ខ្ញុំ​ថើប​អ្នក​ណា​ គឺ​អ្នក​នោះ​ហើយ​ ចូរ​ចាប់​គាត់​ ហើយ​នាំ​គាត់​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ចុះ»​

45. គាត់​ចូល​មក​ភ្លាម​ ក៏​ចូល​ទៅ​ជិត​ព្រះអង្គ​ទាំង​ទូល​ថា៖​ «លោក​គ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ​

46. ហើយ​ពួកគេ​ក៏​លូក​ដៃ​ចាប់​ព្រះអង្គ​

47. តែ​មនុស្ស​ម្នាក់​ឈរ​នៅ​ជិត​នោះ​ បាន​ហូត​ដាវ​ កាត់​ដាច់​ត្រចៀក​បាវ​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​

48. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មកត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​

49. ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ផង​ អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ»​

50. ពួកគេ​ទាំង​អស់​គ្នា​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​អស់​

51. មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ​ គាត់​ស្លៀក​តែ​ក្រណាត់​ទេស​ឯក​ជាប់​នឹង​ខ្លួន​ទទេ​របស់​គាត់​ ពួកគេ​ក៏​ចាប់​គាត់​

52. គាត់​ក៏​រត់​គេច​ទាំង​អាក្រាត​ ទាំង​របូត​ក្រណាត់​ទេស​ឯក​ចេញ​ពី​ខ្លួន​

53. រួច​ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ​ ឯ​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ និង​ពួក​គ្រូ​វិន័យ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា។​

54. ឯ​លោក​ពេត្រុស​វិញ​ បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​សាលា​សម្ដេច​សង្ឃ​ ហើយ​អង្គុយ​អាំង​ភ្លើង​ជាមួយ​ពួក​កង​រក្សា​ព្រះ​វិហារ។​

សូមអានជំពូកពេញលេញ ម៉ាកុស 14