23. បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ គេគ្រប់គ្នាក៏ផឹកពីពែងនោះ
24. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន
25. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះជាម្ចាស់»
26. ក្រោយពីច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើមអូលីវ។
27. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នៅយប់នេះ គ្រប់គ្នានឹងជំពប់ដួល ព្រោះមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយចៀមនឹងខ្ចាត់ខ្ចាយទៅ
28. ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»
29. ពេលនោះ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
30. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដនៅថ្ងៃនេះថា គឺនៅយប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»
31. ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។
32. បន្ទាប់មក ពួកគេក៏មកដល់កន្លែងមួយដែលឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំកំពុងអធិស្ឋាន»
33. ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង
34. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះ ហើយប្រុងស្មារតី»
35. កាលព្រះអង្គយាងទៅមុខបានបន្ដិច ក៏ទម្លាក់ខ្លួនក្រាបលើដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានោះរំលងផុតពីព្រះអង្គទៅ
36. គឺព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកពែងនេះចេញពីខ្ញុំ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
37. រួចព្រះអង្គត្រលប់មកវិញ ក៏ឃើញពួកគេដេកលក់អស់ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ! តើអ្នកដេកលក់ដែរឬ? តើអ្នកទ្រាំមិនដេកតែមួយម៉ោង មិនបានទេឬ?