គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:22-38 Khmer Christian Bible (KCB)

22. កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះអង្គ​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​

23. បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរ​ព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ គេ​គ្រប់​គ្នា​ក៏​ផឹក​ពី​ពែង​នោះ​

24. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​សម្រាប់​មនុស្ស​ជា​ច្រើន​

25. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​

26. ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​

27. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​យប់​នេះ​ គ្រប់​គ្នា​នឹង​ជំពប់​ដួល​ ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នក​គង្វាល​ ហើយ​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​

28. ប៉ុន្ដែ​បន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា»​

29. ពេល​នោះ​ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ទោះ​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​

30. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃ​នេះ​ថា​ គឺ​នៅ​យប់​នេះ​ មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​

31. ប៉ុន្ដែ​គាត់​ប្រកែក​យ៉ាង​ដាច់​ខាត​ថា៖​ «ទោះ​បើ​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​នឹង​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​ជា​ដាច់​ខាត​ថា​ខ្ញុំ​មិន​ស្គាល់​លោក​នោះ​ដែរ»​ រីឯ​ពួកគេ​ទាំងអស់​ក៏​និយាយ​ដូច​លោក​ពេត្រុស​ដែរ។​

32. បន្ទាប់​មក​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​ដែល​ឈ្មោះ​ថា​ សួន​គែតសេម៉ានី​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​អង្គុយ​នៅ​ទីនេះ​ចុះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន»​

33. ព្រះអង្គ​ក៏​យក​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ជាមួយ​ ហើយ​ព្រះអង្គ​ចាប់​ផ្ដើម​តាន​តឹង​ និង​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង​

34. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ព្រួយ​ចិត្ដ​ស្ទើរ​ស្លាប់​ទៅ​ហើយ​ ចូរ​នៅ​ទីនេះ​ ហើយ​ប្រុង​ស្មារតី»​

35. កាល​ព្រះអង្គ​យាង​ទៅ​មុខ​បាន​បន្ដិច​ ក៏​ទម្លាក់​ខ្លួន​ក្រាប​លើ​ដី​ ហើយ​អធិស្ឋាន​ថា​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពេល​វេលា​នោះ​រំលង​ផុត​ពី​ព្រះអង្គ​ទៅ​

36. គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ័ប្បា​ ព្រះ​វរ​បិតាអើយ!​ ព្រះអង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន​ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

37. រួច​ព្រះអង្គ​ត្រលប់​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «ស៊ីម៉ូន​អើយ!​ តើ​អ្នក​ដេក​លក់​ដែរ​ឬ?​ តើ​អ្នក​ទ្រាំ​មិន​ដេក​តែ​មួយ​ម៉ោង​ មិន​បាន​ទេ​ឬ?​

38. ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»​

សូមអានជំពូកពេញលេញ ម៉ាកុស 14