21. ដ្បិតកូនមនុស្សត្រូវទៅដូចមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលបានក្បត់កូនមនុស្ស ហើយជាការប្រសើរជាង ប្រសិនបើអ្នកនោះមិនបានកើតមកទេ»
22. កាលពួកគេកំពុងបរិភោគ នោះព្រះអង្គយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកគេ ទាំងមានបន្ទូលថា៖ «ចូរទទួលចុះ នេះជារូបកាយរបស់ខ្ញុំ»
23. បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ គេគ្រប់គ្នាក៏ផឹកពីពែងនោះ
24. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន
25. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះជាម្ចាស់»
26. ក្រោយពីច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើមអូលីវ។
27. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នៅយប់នេះ គ្រប់គ្នានឹងជំពប់ដួល ព្រោះមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយចៀមនឹងខ្ចាត់ខ្ចាយទៅ
28. ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»
29. ពេលនោះ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
30. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដនៅថ្ងៃនេះថា គឺនៅយប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»
31. ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។
32. បន្ទាប់មក ពួកគេក៏មកដល់កន្លែងមួយដែលឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំកំពុងអធិស្ឋាន»
33. ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង
34. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះ ហើយប្រុងស្មារតី»