គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:15-31 Khmer Christian Bible (KCB)

15. គាត់​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​នូវ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ ចូរ​រៀប​ចំ​សម្រាប់​ពួក​យើង​នៅ​ទី​នោះ​ចុះ»។​

16. សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ​ ហើយ​ពេល​ចូល​ដល់​ក្នុង​ក្រុង​ ពួកគេ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ ពួកគេ​ក៏​រៀប​ចំ​ពិធី​បុណ្យ​រំលង​

17. លុះ​ដល់​ពេល​ល្ងាច​ ព្រះអង្គ​ក៏​មក​ជាមួយ​នឹង​សាវក​ទាំង​ដប់​ពីរ។​

18. ពេល​ពួកគេ​កំពុង​អង្គុយ​បរិភោគ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​ អ្នក​នោះ​កំពុង​បរិភោគ​ជាមួយ​ខ្ញុំ​ដែរ»​

19. ពួកគេ​ចាប់​ផ្ដើម​កើត​ទុក្ខ​ ហើយ​សួរ​ព្រះអង្គ​ម្ដង​ម្នាក់ៗ​ថា៖​ «មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​

20. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ អ្នក​នោះ​កំពុង​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ដែរ​

21. ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​បាន​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ ប្រសិន​បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​

22. កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះអង្គ​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​

23. បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរ​ព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ គេ​គ្រប់​គ្នា​ក៏​ផឹក​ពី​ពែង​នោះ​

24. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​សម្រាប់​មនុស្ស​ជា​ច្រើន​

25. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​

26. ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​

27. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​យប់​នេះ​ គ្រប់​គ្នា​នឹង​ជំពប់​ដួល​ ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នក​គង្វាល​ ហើយ​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​

28. ប៉ុន្ដែ​បន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា»​

29. ពេល​នោះ​ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ទោះ​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​

30. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃ​នេះ​ថា​ គឺ​នៅ​យប់​នេះ​ មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​

31. ប៉ុន្ដែ​គាត់​ប្រកែក​យ៉ាង​ដាច់​ខាត​ថា៖​ «ទោះ​បើ​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​នឹង​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​ជា​ដាច់​ខាត​ថា​ខ្ញុំ​មិន​ស្គាល់​លោក​នោះ​ដែរ»​ រីឯ​ពួកគេ​ទាំងអស់​ក៏​និយាយ​ដូច​លោក​ពេត្រុស​ដែរ។​

សូមអានជំពូកពេញលេញ ម៉ាកុស 14