គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:1-15 Khmer Christian Bible (KCB)

1. ឥឡូវ​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ និង​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​ឧបាយកល​ ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់​

2. ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ពី​ពួក​បណ្ដា​ជន»​

3. ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​លោក​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​ នោះ​មាន​ស្ដ្រី​ម្នាក់​បាន​មក​ ទាំង​កាន់​ដប​ដាក់​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ ដែល​មាន​តម្លៃ​បំផុត​ផង​ ហើយ​នាង​បាន​បំបែក​ដប​នោះ​ ចាក់​ប្រេង​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​

4. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ច្រណែន​គ្នា​ ក៏​និយាយ​ថា៖​ «តើ​ហេតុ​អ្វី​បាន​ជា​បង្ហិន​ប្រេង​ក្រអូប​ដូច្នេះ?​

5. ព្រោះ​ប្រេង​នេះ​អាច​លក់​បាន​ប្រាក់​លើស​ពី​បី​រយ​ឌេណារី​ ហើយ​អាច​ចែក​ទាន​ឲ្យ​អ្នក​ក្រ​បាន»​ ពួកគេ​ក៏​បន្ទោស​នាង។​

6. តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «បណ្ដោយ​តាម​នាង​ទៅ​ ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​បង្ក​រឿង​ឲ្យ​នាង​ពិបាក​ដូច្នេះ?​ នាង​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​សម្រាប់​ខ្ញុំ​

7. ដ្បិត​អ្នក​ក្រ​តែង​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជា​និច្ច​ អ្នក​រាល់គ្នា​ចង់​ធ្វើ​ល្អ​ចំពោះ​ពួកគេ​ពេល​ណា​ក៏​អាច​ធ្វើ​បាន​ ប៉ុន្ដែ​ខ្ញុំ​វិញ​ មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​រហូត​ទេ​

8. នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​រួច​ហើយ​ គឺ​នាង​បាន​លាប​ប្រេង​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀប​ចំ​បញ្ចុះ​សព​ខ្ញុំ​ជា​មុន​

9. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ទី​ណា​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​ពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​

10. យូដាស​អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ​

11. ពេល​ពួកគេ​ឮ​ ក៏​ត្រេក​អរ​ណាស់​ និង​បាន​សន្យា​ឲ្យ​លុយ​ដល់​គាត់​ រួច​គាត់​ក៏​រក​មធ្យោបាយ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​តាម​ពេល​វេលា​សម​ស្រប។​

12. នៅ​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពេល​គេ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង​ ពួក​សិស្ស​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀប​ចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​កន្លែង​ណា?»​

13. ព្រះអង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៅ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ក្នុង​ក្រុង​នោះ​ អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ហើយ​ទៅ​តាម​អ្នក​នោះ​ចុះ​

14. ពេល​គាត់​ចូល​ក្នុង​ផ្ទះ​មួយ​ណា​ ចូរ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា ​លោក​គ្រូ​សួរ​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯ​ណា?​

15. គាត់​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​នូវ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ ចូរ​រៀប​ចំ​សម្រាប់​ពួក​យើង​នៅ​ទី​នោះ​ចុះ»។​

សូមអានជំពូកពេញលេញ ម៉ាកុស 14