គម្ពីរសញ្ញាថ្មី

ម៉ាកុស 12:35-43 Khmer Christian Bible (KCB)

35. ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​

36. ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

37. ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច?»​ មនុស្ស​ច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ ដោយ​សប្បាយ​រីក​រាយ​

38. ហើយ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើងឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន​

39. ហើយ​ចូល​ចិត្ដ​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់​លៀង​

40. ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​អធិស្ឋាន​យ៉ាង​យូរ។​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ»។​

41. ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់​មុខ​ហិប​តង្វាយ​ និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅ​ក្នុង​ហិប​ត​ង្វាយ​ ហើយ​មាន​អ្នក​មាន​ជា​ច្រើន​បាន​ដាក់​កាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​នោះ​

42. ហើយ​មាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ ​ដែល​ស្មើ​នឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ​

43. ព្រះយេស៊ូ​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ និង​មាន​បន្ទូល​ទៅ​គេថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ស្ដ្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​នេះ​ បាន​ដាក់​តង្វាយ​ច្រើន​ជាង​អ្នក​ទាំង​អស់​ដែល​បាន​ដាក់​តង្វាយ​ក្នុង​ហិប​តង្វាយ​នេះ​ទៅ​ទៀត​

សូមអានជំពូកពេញលេញ ម៉ាកុស 12