3. ប៉ុន្ដែពួកគេបានចាប់បាវបម្រើនោះវាយ ហើយបណ្ដេញឲ្យទៅវិញទាំងដៃទទេ
4. ហើយគាត់ក៏ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅឯពួកគេម្ដងទៀត តែពួកគេបានវាយក្បាលបាវនោះទាំងប្រមាថទៀតផង
5. គាត់ចាត់ម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានសម្លាប់អ្នកនោះ ហើយបាវបម្រើផ្សេងទៀតជាច្រើន ខ្លះត្រូវគេវាយដំ និងខ្លះទៀតត្រូវគេសម្លាប់
6. គាត់នៅមានកូនប្រុសជាទីស្រឡាញ់ម្នាក់ទៀត នៅទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅឯពួកគេដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
7. ប៉ុន្ដែអ្នកចម្ការទាំងនោះបាននិយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ នោះមរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ
8. រួចពួកគេក៏ចាប់គាត់សម្លាប់ ហើយបោះទៅក្រៅចម្ការទំពាំងបាយជូរ។
9. ដូច្នេះ តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើយ៉ាងដូចម្ដេច? គាត់នឹងមកសម្លាប់ពួកអ្នកចម្ការ ហើយប្រគល់ចម្ការនោះឲ្យទៅអ្នកផ្សេងទៀត។
10. តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរទេឬអីថា ថ្មដែលជាងសំណង់បោះបង់ចោល បានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង
11. ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង»។
12. ពួកគេរកចាប់ព្រះអង្គ ព្រោះពួកគេដឹងថាព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចបណ្ដាជន ហើយក៏ចេញពីព្រះអង្គទៅ។
13. រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
14. ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»
15. ព្រះអង្គជ្រាបពីពុតត្បុតពួកគេ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់មួយឌេណារីឲ្យខ្ញុំ»
16. គេក៏យកកាក់មួយឲ្យទៅព្រះអង្គ រួចព្រះអង្គសួរពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ»