គម្ពីរសញ្ញាថ្មី

ម៉ាកុស 12:29-43 Khmer Christian Bible (KCB)

29. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បញ្ញត្ដិ​ទី​មួយ​គឺ​ ចូរ​ស្ដាប់​ចុះ​អ៊ីស្រាអែល​អើយ​ ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​តែ​មួយ​គត់​

30. អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​គំនិត​ អស់​ពី​ព្រលឹង ​និង​អស់​ពី​កម្លាំង​អ្នក​

31. រីឯ​បញ្ញត្ដិ​ទី​ពីរ​គឺ​ អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​អ្នក​ គ្មាន​បញ្ញត្ដិណា​ធំជាង​បញ្ញត្ដិ​ទាំងពីរ​នេះ​ទៀត​ទេ»​

32. គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​

33. ហើយ​ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​ អស់​ពី​ប្រាជ្ញា​ អស់​ពី​ព្រលឹង​ និង​អស់​ពី​កម្លាំង​ និង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​តង្វាយ​ដុត​ និង​យញ្ញ​បូជា​ទាំង​អស់​ទៅ​ទៀត»។​

34. កាល​ព្រះយេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាង​ឈ្លាស​វៃ​ដូច្នេះ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ»​ រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀត​ទេ។​

35. ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​

36. ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

37. ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច?»​ មនុស្ស​ច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ ដោយ​សប្បាយ​រីក​រាយ​

38. ហើយ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើងឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន​

39. ហើយ​ចូល​ចិត្ដ​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់​លៀង​

40. ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​អធិស្ឋាន​យ៉ាង​យូរ។​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ»។​

41. ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់​មុខ​ហិប​តង្វាយ​ និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅ​ក្នុង​ហិប​ត​ង្វាយ​ ហើយ​មាន​អ្នក​មាន​ជា​ច្រើន​បាន​ដាក់​កាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​នោះ​

42. ហើយ​មាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ ​ដែល​ស្មើ​នឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ​

43. ព្រះយេស៊ូ​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ និង​មាន​បន្ទូល​ទៅ​គេថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ស្ដ្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​នេះ​ បាន​ដាក់​តង្វាយ​ច្រើន​ជាង​អ្នក​ទាំង​អស់​ដែល​បាន​ដាក់​តង្វាយ​ក្នុង​ហិប​តង្វាយ​នេះ​ទៅ​ទៀត​

សូមអានជំពូកពេញលេញ ម៉ាកុស 12