គម្ពីរសញ្ញាថ្មី

ម៉ាកុស 12:15-28 Khmer Christian Bible (KCB)

15. ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​

16. គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​

17. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិរាជ​ដល់​ព្រះ​ចៅ​អធិរាជ​ ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ដល់​ព្រះជាម្ចាស់​ចុះ»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​នឹង​ព្រះអង្គ។​

18. ឯ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការ​រស់​ឡើង​វិញ​ បាន​មក​ឯ​ព្រះអង្គ​ ហើយ​សួរ​ព្រះអង្គ​ថា៖​

19. «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ ដោយ​មិន​ទាន់​មាន​កូន​ ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ ហើយ​បង្កើត​កូន​ឲ្យ​បងប្រុស​របស់​គាត់។​

20. មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ហើយ​ក៏​ស្លាប់​ទៅ​ ដោយ​មិន​ទាន់​មាន​កូន​

21. ប្អូន​ប្រុស​ទី​ពីរ​បាន​យក​នាង​ រួច​ក៏​ស្លាប់​ទៀត​ ដោយ​មិន​ទាន់​មាន​កូន​ ឯ​ប្អូន​ប្រុស​ទី​បី​ក៏ដូច​គ្នា​ដែរ​

22. បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​មិន​បាន​មាន​កូន​ទេ​ ទី​បំផុត​ស្ត្រី​នោះ​ក៏​ស្លាប់​ដែរ​

23. ចុះ​ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ?​ ព្រោះ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​»

24. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មិន​យល់​បទ​គម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​ទេ​ តើ​នេះ​មិន​មែន​ជា​ហេតុ​ផល​ដែល​អ្នក​រាល់គ្នា​យល់​ច្រឡំ​ទេ​ឬ?​

25. ព្រោះ​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ គេ​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ​

26. តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​ គឺ​នៅ​ត្រង់​គុម្ព​បន្លា​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​លោក​ថា​ យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប?​

27. ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះរបស់​មនុស្ស​រស់​ អ្នក​រាល់គ្នា​យល់​ច្រឡំ​ធំ​ណាស់»។​

28. គ្រូ​វិន័យ​ម្នាក់​បាន​ចូល​មក​ជិត​ និង​ឮ​ពួកគេ​ជជែក​គ្នា​ ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​នៅ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​អស់​បញ្ញត្ដិ​ទី​មួយ​គឺ​អ្វី?»​

សូមអានជំពូកពេញលេញ ម៉ាកុស 12