គម្ពីរសញ្ញាថ្មី

ម៉ាកុស 11:6-19 Khmer Christian Bible (KCB)

6. អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេ​ ដូច​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​

7. អ្នក​ទាំង​ពីរ​នោះ​ដឹក​កូន​លា​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូន​លា​នោះ​

8. មនុស្ស​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​គេ​លើ​ផ្លូវ​ អ្នក​ខ្លះ​ទៀត​បាន​កាត់​មែក​ឈើ​ពី​ចម្ការ​ ​មក​ក្រាល​លើ​ផ្លូវ​ដែរ​

9. អ្នក​ដើរ​នាំ​មុខ​ និង​អ្នក​ដើរ​តាម​ក្រោយ​បាន​ស្រែក​ឡើង​ថា៖​ «ហូសាណា!​ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់​

10. សូម​ថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ ជា​ឪពុក​របស់​យើង​ដែល​នឹង​មក​ដល់​ ហូសាណា!​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

11. ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ព្រះ​វិហារ​ ពេល​មើល​សព្វ​កន្លែង​ហើយ​ ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជា​មួយ​សាវក​ទាំង​ដប់​ពីរ​ ព្រោះ​ល្ងាច​ណាស់​ហើយ។​

12. លុះ​ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចាក​ចេញ​ពី​ក្រុង​បេថានី​ ព្រះអង្គ​ក៏​ឃ្លាន​

13. កាល​បាន​ឃើញ​ដើម​ល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ ព្រះអង្គ​ក៏​ទៅ​មើល​ ក្រែង​លោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​ តែ​ពេល​មក​ដល់​ ព្រះអង្គ​ឃើញ​ថា​ ក្រៅ​ពី​ស្លឹក​ គ្មាន​អ្វី​សោះ​ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ​

14. ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​ថា៖​ «ដរាប​ត​ទៅ ​គ្មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ទេ»​ ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់​ឮ​ដែរ។​

15. ពួកគេ​មក​ដល់​ក្រុង​យេរូសាឡិម​ រួច​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​

16. ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សែង​ទំនិញ​ឆ្លង​កាត់​ព្រះវិហារ​ទេ​

17. ទាំង​មាន​បន្ទូល​បង្រៀន​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ទេ​ឬ​អី​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ ដំណាក់​សម្រាប់​ជន​ជាតិ​ទាំង​អស់​អធិស្ឋាន?​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​វិញ»​

18. កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

19. ហើយ​នៅ​ល្ងាច​នោះ​ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ក្រុង។​

សូមអានជំពូកពេញលេញ ម៉ាកុស 11