គម្ពីរសញ្ញាថ្មី

ម៉ាកុស 11:22-33 Khmer Christian Bible (KCB)

22. ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៅ​ពួកគេ​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​

23. ​ខ្ញុំ​ប្រាប់អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ ដោយ​គ្មាន​ចិត្ដ​សង្ស័យ​ តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង​មែន​ នោះ​នឹង​បាន​សម្រេច​ដល់​គាត់​

24. ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​អធិស្ឋាន​សុំ​ ទាំង​ជឿ​ថា​ នឹង​ទទួល​បាន​ នឹងបាន​សម្រេច​ដល់​អ្នក​រាល់គ្នា​

25. ហើយ​ពេល​អ្នក​រាល់គ្នា​ឈរ​អធិស្ឋាន​ ប្រសិន​បើ​អ្នក​រាល់គ្នា​មាន​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌​លើក​លែង​ទោស​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ​

26. [ប៉ុន្ដែ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ឲ្យ​គាត់​ទេ​ នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើក​លែង​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ»]។​

27. រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះវិហារ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និងពួក​ចាស់​ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ​

28. ហើយ​ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​អ្នក​ធ្វើ​ការ​ទាំង​នេះ?»​

29. ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា​៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ​ ​សូម​ពួក​លោក​ឆ្លើយ​នឹងខ្ញុំ​ នោះ​ខ្ញុំ​នឹង​ប្រាប់ពួកលោក​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​សិទ្ធិ​អំណាច​អ្វី។

30. តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ស្ថាន​សួគ៌​ ឬ​ក៏មក​ពី​មនុស្ស​?​ សូម​ឆ្លើយប្រាប់​ខ្ញុំ​ផង​»

31. ​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​ថា​៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថាន​សួគ៌​ ​នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន​?

32. តើ​យើងគួរ​និយាយ​ថា​ មក​ពី​មនុស្សឬ?»​ (ពួក​គេ​ខ្លាច​ពួកបណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហានថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​ពិត​ប្រាកដ)

33. ដូច្នេះ​ ពួកគេ​ក៏​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ» ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សារ​សិទ្ធិ​អំណាច​អ្វី»។​

សូមអានជំពូកពេញលេញ ម៉ាកុស 11