20. លុះព្រលឹមឡើង កាលពួកគេទៅជិតដើមល្វា ក៏ឃើញវាក្រៀមស្វិតរហូតដល់ឫស
21. កាលលោកពេត្រុសនឹកចាំ ក៏ទូលព្រះអង្គថា៖ «លោកគ្រូ មើលចុះ ដើមល្វាដែលលោកដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ»
22. ព្រះយេស៊ូមានបន្ទូលតបទៅពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ
23. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាក៏ដោយដែលនិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ ដោយគ្មានចិត្ដសង្ស័យ តែជឿថាអ្វីដែលគាត់និយាយនឹងកើតឡើងមែន នោះនឹងបានសម្រេចដល់គាត់
24. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗដែលអ្នករាល់គ្នាអធិស្ឋានសុំ ទាំងជឿថា នឹងទទួលបាន នឹងបានសម្រេចដល់អ្នករាល់គ្នា
25. ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ
26. [ប៉ុន្ដែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគាត់ទេ នោះព្រះវរបិតាក៏មិនលើកលែងចំពោះកំហុសរបស់អ្នករាល់គ្នាដែរ»]។
27. រួចពួកគេក៏មកក្រុងយេរូសាឡិមម្ដងទៀត ហើយពេលដែលព្រះអង្គកំពុងដើរក្នុងព្រះវិហារ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានដើរសំដៅមកឯព្រះអង្គ
28. ហើយពួកគេសួរព្រះអង្គថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចអ្នកធ្វើការទាំងនេះ?»
29. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ សូមពួកលោកឆ្លើយនឹងខ្ញុំ នោះខ្ញុំនឹងប្រាប់ពួកលោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
30. តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង»
31. ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
32. តើយើងគួរនិយាយថា មកពីមនុស្សឬ?» (ពួកគេខ្លាចពួកបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូលពិតប្រាកដ)