គម្ពីរសញ្ញាថ្មី

ម៉ាកុស 11:1-13 Khmer Christian Bible (KCB)

1. ពេល​ពួកគេ​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ នៅ​ត្រង់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ព្រះអង្គ​ពីរ​នាក់​

2. ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​អ្នក​ ពេល​ចូល​ទៅ​ដល់​ក្នុង​ភូមិ​ភ្លាម​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ក្បាល​ដែល​គេ​ចង​ទុក​ មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​វា​ ហើយ​ដឹក​វា​មក​

3. ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​

4. ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​

5. អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​ និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ស្រាយ​កូន​លា​នេះ​ធ្វើ​អ្វី?»​

6. អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេ​ ដូច​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​

7. អ្នក​ទាំង​ពីរ​នោះ​ដឹក​កូន​លា​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូន​លា​នោះ​

8. មនុស្ស​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​គេ​លើ​ផ្លូវ​ អ្នក​ខ្លះ​ទៀត​បាន​កាត់​មែក​ឈើ​ពី​ចម្ការ​ ​មក​ក្រាល​លើ​ផ្លូវ​ដែរ​

9. អ្នក​ដើរ​នាំ​មុខ​ និង​អ្នក​ដើរ​តាម​ក្រោយ​បាន​ស្រែក​ឡើង​ថា៖​ «ហូសាណា!​ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់​

10. សូម​ថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ ជា​ឪពុក​របស់​យើង​ដែល​នឹង​មក​ដល់​ ហូសាណា!​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

11. ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ព្រះ​វិហារ​ ពេល​មើល​សព្វ​កន្លែង​ហើយ​ ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជា​មួយ​សាវក​ទាំង​ដប់​ពីរ​ ព្រោះ​ល្ងាច​ណាស់​ហើយ។​

12. លុះ​ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចាក​ចេញ​ពី​ក្រុង​បេថានី​ ព្រះអង្គ​ក៏​ឃ្លាន​

13. កាល​បាន​ឃើញ​ដើម​ល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ ព្រះអង្គ​ក៏​ទៅ​មើល​ ក្រែង​លោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​ តែ​ពេល​មក​ដល់​ ព្រះអង្គ​ឃើញ​ថា​ ក្រៅ​ពី​ស្លឹក​ គ្មាន​អ្វី​សោះ​ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ​

សូមអានជំពូកពេញលេញ ម៉ាកុស 11