គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:41-52 Khmer Christian Bible (KCB)

41. ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ចាប់​ផ្ដើម​ទាស់​ចិត្ដ​នឹង​លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​

42. ព្រះយេស៊ូ​ហៅ​ពួកគេ​មក​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​ដទៃ​ គឺ​ត្រួត​ត្រា​លើ​គេ​ ហើយ​ពួក​អ្នក​ធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​គេ​ដែរ​

43. ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់គ្នា​វិញ​

44. ហើយ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​មនុស្ស​គ្រប់​គ្នា​

45. ដ្បិត​សូម្បី​តែ​កូន​មនុស្ស​ ក៏​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ដែរ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង»។​

46. ពួកគេ​មក​ដល់​ក្រុង​យេរីខូរ​ ហើយ​ពេល​ព្រះអង្គ​ និង​ពួក​សិស្ស​រួម​ជា​មួយ​មនុស្ស​ច្រើន​កុះករ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​អ្នក​សុំ​ទាន​ម្នាក់​ ខ្វាក់​ភ្នែក​ ឈ្មោះ​បារទីមេ​ ជា​កូន​ប្រុស​លោក​ទីមេ​កំពុង​តែ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​

47. ហើយ​ពេល​ឮ​ថា​ នោះ​ជា​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ គាត់​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​

48. មនុស្ស​ជា​ច្រើន​បាន​បន្ទោស​ឲ្យ​គាត់​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖​ «ព្រះយេស៊ូ​ ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​

49. ព្រះយេស៊ូ​ក៏​ឈប់​ និង​មាន​បន្ទូល​ថា៖​ «ចូរ​ហៅ​គាត់​មក»​ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ ទាំង​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​អរ​សប្បាយ​ ហើយ​ក្រោក​ឈរ​ឡើង​ លោក​ហៅ​អ្នក​ហើយ»​

50. គាត់​ក៏​បោះ​អាវ​គាត់​ចោល​ លោត​ឡើង​ ហើយ​ក៏​មក​ឯ​ព្រះយេស៊ូ​

51. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​តប​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​ បុរស​ខ្វាក់​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង»​

52. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»​ ស្រាប់​តែ​ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​នៅ​តាម​ផ្លូវ។​

សូមអានជំពូកពេញលេញ ម៉ាកុស 10