គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:36-45 Khmer Christian Bible (KCB)

36. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​

37. ពួកគេ​ឆ្លើយ​ថា៖​ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​លោក​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោក​ផង»​

38. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ?»​

39. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ទទួល​បាន»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​មែន​

40. ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»​

41. ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ចាប់​ផ្ដើម​ទាស់​ចិត្ដ​នឹង​លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​

42. ព្រះយេស៊ូ​ហៅ​ពួកគេ​មក​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​ដទៃ​ គឺ​ត្រួត​ត្រា​លើ​គេ​ ហើយ​ពួក​អ្នក​ធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​គេ​ដែរ​

43. ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់គ្នា​វិញ​

44. ហើយ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​មនុស្ស​គ្រប់​គ្នា​

45. ដ្បិត​សូម្បី​តែ​កូន​មនុស្ស​ ក៏​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ដែរ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង»។​

សូមអានជំពូកពេញលេញ ម៉ាកុស 10