គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:21-33 Khmer Christian Bible (KCB)

21. ប៉ុន្ដែ​ព្រះអង្គ​មើល​ទៅ​គាត់​ដោយ​ក្ដី​ស្រឡាញ់​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះសេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​ដែល​អ្នក​មាន​ទាំង​ឡាយ​ឲ្យ​អ្នក​ក្រ​ចុះ​ អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

22. ប៉ុន្ដែ​គាត់​ព្រួយ​ចិត្ដ​ដោយ​សារ​ឮ​ព្រះបន្ទូល​នេះ​ ហើយ​បាន​ចាក​ចេញ​ទៅ​ទាំង​សោក​សៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​

23. ពេល​ព្រះយេស៊ូ​មើល​ជុំ​វិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់»​

24. ពួក​សិស្ស​ឆ្ងល់​នឹង​ព្រះបន្ទូល​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៀត​ថា៖​ «កូន​អើយ!​ ការ​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ នោះ​ពិបាក​ណាស់​

25. សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់ទៅ​ទៀត»​

26. ពួកគេ​កាន់​តែ​ឆ្ងល់​ថែម​ទៀត​ ហើយ​និយាយ​គ្នា​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

27. ប៉ុន្ដែ​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ ហើយ​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​អាច​ធ្វើ​បាន​ ព្រោះ​ព្រះជាម្ចាស់​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»​

28. លោក​ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ យើង​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​ ហើយ​ដើរ​តាម​លោក»​

29. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នក​ណា​ដែល​ព្រម​លះ​បង់​ផ្ទះ​សំបែង​ កូន​ ឪពុក​ម្ដាយ​ បង​ប្អូន​ប្រុស​ស្រី​ ស្រែ​ចម្ការ​ ព្រោះ​យល់​ដល់​ខ្ញុំ​ និង​ដំណឹង​ល្អ​

30. មិន​ទទួល​បាន​មួយ​ជា​មួយ​រយ​នោះ​ទេ​ គឺ​នៅ​ពេល​នេះ​ទទួល​បាន​ផ្ទះ​សំបែង​ បង​ប្អូន​ប្រុស​ស្រី​ ម្ដាយ​ កូន​ និង​ស្រែ​ចម្ការ​ ព្រម​ជាមួយ​នឹង​ការ​បៀត​បៀន​ ហើយ​នៅ​លោក​ខាង​មុខ​នឹង​បាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​ជា​មិន​ខាន​

31. ហើយ​មនុស្ស​ជា​ច្រើន​ដែល​នៅ​មុខ​គេ​ នឹង​ត្រលប់​ជា​ក្រោយ​គេ​បង្អស់​ រីឯ​អ្នក​នៅ​ក្រោយ​គេ​បង្អស់​ នឹង​បាន​នៅ​មុខ​គេ​វិញ»។​

32. កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម​ ព្រះយេស៊ូ​នាំ​មុខ​ពួកគេ​ រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​បាន​តក់​ស្លុត​ និង​ភ័យ​ខ្លាច​ជា​ខ្លាំង​ រួច​ពេល​ប្រមូល​សាវក​ទាំង​ដប់​ពីរ​មក​ម្ដង​ទៀត​ហើយ​ ព្រះអង្គ​ក៏​ចាប់​ផ្ដើម​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​នឹង​កើត​ចំពោះ​ព្រះអង្គ​ថា៖​

33. «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ រីឯ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​ ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ​

សូមអានជំពូកពេញលេញ ម៉ាកុស 10