គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:14-23 Khmer Christian Bible (KCB)

14. កាល​ទត​ឃើញ​ដូច្នេះ​ ព្រះយេស៊ូ​ទាស់​ចិត្ដ​យ៉ាង​ខ្លាំង​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​

15. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​ណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូនក្មេង​ នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»​

16. ព្រះអង្គ​បាន​លើក​ក្មេងៗ​ ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួកគេ។​

17. កាល​ព្រះអង្គ​កំពុង​ទៅ​តាម​ផ្លូវ​ នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ​ និង​ទូល​សួរ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ទុក​ជា​មរតក?»​

18. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើក​លែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់​

19. អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា​ កុំ​សម្លាប់​ កុំ​ផិត​ក្បត់​ កុំ​លួច​ កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ​ កុំគៃ​បន្លំ​ និង​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​

20. គាត់​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​នេះ​តាំង​ពី​ខ្ញុំ​វ័យ​ជំទង់​ម៉្លេះ»​

21. ប៉ុន្ដែ​ព្រះអង្គ​មើល​ទៅ​គាត់​ដោយ​ក្ដី​ស្រឡាញ់​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះសេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​ដែល​អ្នក​មាន​ទាំង​ឡាយ​ឲ្យ​អ្នក​ក្រ​ចុះ​ អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

22. ប៉ុន្ដែ​គាត់​ព្រួយ​ចិត្ដ​ដោយ​សារ​ឮ​ព្រះបន្ទូល​នេះ​ ហើយ​បាន​ចាក​ចេញ​ទៅ​ទាំង​សោក​សៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​

23. ពេល​ព្រះយេស៊ូ​មើល​ជុំ​វិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់»​

សូមអានជំពូកពេញលេញ ម៉ាកុស 10