8. នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
9. ហើយសេចក្ដីទាំងឡាយដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញនៅក្នុងខ្ញុំ ចូរអ្នករាល់គ្នាធ្វើតាមចុះ នោះព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយអ្នករាល់គ្នា។
10. ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស
11. ខ្ញុំនិយាយបែបនេះមិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំចេះស្កប់ចិត្តនៅគ្រប់កាលៈទេសៈទាំងអស់
12. ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយភាពហូរហៀរជាយ៉ាងណា គឺខ្ញុំចេះរស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលឆ្អែត ពេលឃ្លាន ពេលហូរហៀរ ឬពេលខ្វះខាតទេ។
13. ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ដោយសារព្រះអង្គដែលចម្រើនកម្លាំងដល់ខ្ញុំ
14. លើសពីនេះ អ្នករាល់គ្នាបានរួមចំណែកជាមួយខ្ញុំយ៉ាងប្រសើរ នៅពេលខ្ញុំមានសេចក្ដីវេទនា។
15. ឱពួកអ្នកក្រុងភីលីពអើយ! អ្នករាល់គ្នាក៏ដឹងដែរថា តាំងពីខ្ញុំចាប់ផ្ដើមប្រកាសដំណឹងល្អនៅពេលដែលខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ គ្មានក្រុមជំនុំណារួមចំណែកជួយខ្ញុំខាងផ្នែកជំនួយឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ
16. ហើយសូម្បីតែកាលខ្ញុំនៅក្រុងថែស្សាឡូនីចនោះ អ្នករាល់គ្នាក៏បានផ្ញើម្ដងពីរដងរួចមកហើយ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ។
17. ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ
18. ដ្បិតខ្ញុំមានអ្វីៗគ្រប់បែបយ៉ាងទាំងហូរហៀរទៀតផង។ ខ្ញុំបានទទួលអ្វីៗគ្រប់គ្រាន់ហើយពីអ្នករាល់គ្នាតាមរយៈលោកអេប៉ាប្រូឌីត គឺជាតង្វាយដ៏សែនក្រអូប ជាយញ្ញបូជាដែលព្រះជាម្ចាស់ទទួលយកទាំងសព្វព្រះហឫទ័យ។
19. ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញគ្រប់ទាំងសេចក្ដីត្រូវការរបស់អ្នករាល់គ្នាស្របតាមភាពបរិបូររបស់ព្រះអង្គប្រកបដោយសិរីរុងរឿង ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ
20. សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតារបស់យើងបានប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ច អាម៉ែន។
21. សូមជម្រាបសួរដល់ពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ រីឯបងប្អូនទាំងឡាយដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ
22. ពួកបរិសុទ្ធទាំងអស់ ជាពិសេសពួកអ្នកនៅក្នុងដំណាក់ស្ដេចក្រុងរ៉ូមក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ
23. សូមឲ្យវិញ្ញាណរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ។