គម្ពីរសញ្ញាថ្មី

ភីលីព 3:8-16 Khmer Christian Bible (KCB)

8. ហើយ​លើស​ពី​នេះ​ទៀត​ ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំង​អស់​ជា​ការ​ខាតបង់​ ដោយ​ព្រោះ​ស្គាល់​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ការ​មាន​តម្លៃ​បំផុត។​ ខ្ញុំ​បាន​ខាត​បង់​ទាំង​អស់​ដោយ​ព្រោះ​តែ​ព្រះអង្គ​ ហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ជា​គ្មាន​តម្លៃ​ដើម្បី​ឲ្យ​ខ្ញុំ​ចំណេញ​បាន​ព្រះគ្រិស្ដ​

9. និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​

10. ព្រមទាំង​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ព្រះគ្រិស្ដ​ និង​អំណាច​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​ ហើយ​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​រងទុក្ខ​លំបាក​របស់​ព្រះអង្គ​ និង​ឲ្យ​បាន​ដូច​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​

11. ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។​

12. មិន​មែន​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​សម្រាប់​សេចក្ដី​នោះ។​

13. បងប្អូន​អើយ!​ ខ្ញុំ​មិន​គិត​ថា​ ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ​ ប៉ុន្ដែ​មាន​សេចក្ដី​មួយ​ គឺ​ថា​ ខ្ញុំ​បំភ្លេច​អ្វីៗ​ទាំងឡាយ​ដែល​នៅ​ខាងក្រោយ​ រួច​ឈោង​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាងមុខ​វិញ​

14. ខ្ញុំ​ព្យាយាម​ឲ្យ​ទៅ​ដល់​គោលដៅ​ ដើម្បី​បាន​រង្វាន់​នៃ​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ពី​ស្ថាន​ដ៏​ខ្ពស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

15. ដូច្នេះ​ អស់​អ្នក​ដែល​ពេញវ័យ​ហើយ​នោះ​ ត្រូវ​តែ​គិត​បែប​នេះ​ ហើយ​បើ​អ្នក​រាល់គ្នា​គិត​អំពី​អ្វី​ផ្សេង​ ក៏​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​អ្នក​រាល់គ្នា​យល់​អំពី​ការ​នោះ​ដែរ​

16. ទោះបី​យើង​បាន​ទៅ​ដល់​ត្រឹម​ណា​ក៏​ដោយ​ ក៏​យើង​ត្រូវ​បន្ដ​ទៅ​រក​គោលដៅ​ដដែល។​

សូមអានជំពូកពេញលេញ ភីលីព 3