គម្ពីរសញ្ញាថ្មី

ភីលីព 2:2-20 Khmer Christian Bible (KCB)

2. ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ​ចុះ​ ដោយ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ​ មាន​ចិត្ដ​រួប​រួម​គ្នា​ ហើយ​មាន​ឆន្ទៈ​តែ​មួយ។​

3. ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​

4. កុំ​ឲ្យ​ម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ម្នាក់ៗ​គិត​ពី​អ្នក​ដទៃ​ផង។​

5. ចូរ​ឲ្យ​មាន​គំនិត​ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ​ ព្រោះ​គំនិត​ដូច្នេះ​ក៏​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែរ​

6. ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ​ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ​

7. គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​មក​យក​សណ្ឋាន​ជា​បាវបម្រើ​ ដោយ​បាន​ប្រសូត​មក​ជា​មនុស្ស​ ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។​

8. ព្រះអង្គ​បាន​បន្ទាប​ខ្លួន​ ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត​ គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។​

9. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើង​ព្រះអង្គ​ឡើង​ ព្រមទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាម​លើ​អស់​ទាំង​នាម​ផង​

10. ដើម្បី​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ និង​នៅ​ក្រោម​ផែនដី​ត្រូវ​លត់​ចុះ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​

11. ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ថ្លែង​ប្រាប់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ ដើម្បី​ជា​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា។​

12. ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​

13. ដ្បិត​ជា​ព្រះជាម្ចាស់​ទេ​តើ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទាំង​ឲ្យ​អ្នក​រាល់គ្នា​មាន​ឆន្ទៈ​ ហើយ​ប្រព្រឹត្ត​តាម​ ដើម្បី​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។​

14. ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​រអ៊ូរទាំ​ និង​ប្រកែក​ឡើយ​

15. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​មនុស្ស​ដែល​ស្លូត​ត្រង់​ ឥត​បន្ទោស​បាន​ និង​ជា​កូន​របស់​ព្រះជាម្ចាស់​ដែល​គ្មាន​កំហុស​នៅ​កណ្ដាល​ចំណោម​ជំនាន់​មនុស្ស​ដែល​វៀចវេរ​ ហើយ​ខិល​ខូច​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ចាំង​ពន្លឺ​ក្នុង​ចំណោម​ពួកគេ​ ដូច​ជា​ពន្លឺ​ចាំង​មក​ក្នុង​ពិភព​លោក​នេះ​

16. ទាំង​កាន់​តាម​ព្រះបន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​អំនួត​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​ថា​ ខ្ញុំ​មិន​បាន​រត់​ ឬ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ‍។​

17. ហើយ​ទោះបី​ត្រូវ​ច្រូច​ខ្ញុំ​លើ​យញ្ញ​បូជា​ និង​លើ​ការងារ​បម្រើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មាន​អំណរ​ ហើយ​ត្រេកអរ​ជាមួយ​អ្នក​រាល់គ្នា​ដែរ‍​

18. ចូរ​អ្នក​រាល់គ្នា​មាន​អំណរ​ដូច​គ្នា​ ហើយ​ត្រេកអរ​ជាមួយ​ខ្ញុំ​ដែរ​ចុះ។​

19. ខ្ញុំ​សង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​ដឹង​អំពី​អ្នក​រាល់គ្នា​

20. ដ្បិត​ខ្ញុំ​គ្មាន​អ្នកណា​ដែល​មាន​ចិត្ដ​ដូច​គាត់​ទេ​ ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់គ្នា​អស់​ពី​ចិត្ដ​

សូមអានជំពូកពេញលេញ ភីលីព 2