គម្ពីរសញ្ញាថ្មី

ភីលីព 2:17-28 Khmer Christian Bible (KCB)

17. ហើយ​ទោះបី​ត្រូវ​ច្រូច​ខ្ញុំ​លើ​យញ្ញ​បូជា​ និង​លើ​ការងារ​បម្រើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មាន​អំណរ​ ហើយ​ត្រេកអរ​ជាមួយ​អ្នក​រាល់គ្នា​ដែរ‍​

18. ចូរ​អ្នក​រាល់គ្នា​មាន​អំណរ​ដូច​គ្នា​ ហើយ​ត្រេកអរ​ជាមួយ​ខ្ញុំ​ដែរ​ចុះ។​

19. ខ្ញុំ​សង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​ដឹង​អំពី​អ្នក​រាល់គ្នា​

20. ដ្បិត​ខ្ញុំ​គ្មាន​អ្នកណា​ដែល​មាន​ចិត្ដ​ដូច​គាត់​ទេ​ ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់គ្នា​អស់​ពី​ចិត្ដ​

21. ព្រោះ​មនុស្ស​ទាំង​អស់​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ គេ​មិន​រក​ប្រយោជន៍​សម្រាប់​ព្រះយេស៊ូ​គ្រិស្ដ​ទេ​

22. រីឯ​អ្នក​រាល់គ្នា​វិញ​ ក៏​ដឹង​អំពី​អត្តចរិត​របស់​គាត់​ស្រាប់​ហើយ​ គឺ​គាត់​បាន​បម្រើ​នៅ​ក្នុង​ដំណឹង​ល្អ​ជាមួយ​ខ្ញុំ​ដូច​ជា​ឪពុក​ និង​កូន។​

23. ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ចាត់​គាត់​ឲ្យ​មក​ភ្លាម​ នៅ​ពេល​ណា​ខ្ញុំ​ឃើញ​ថា​រឿង​របស់​ខ្ញុំ​បាន​ជ្រះ​ស្រឡះ​ហើយ​

24. រីឯ​ខ្ញុំ​វិញ​ ខ្ញុំ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ ខ្ញុំ​នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។​

25. ហើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ចាំបាច់​ត្រូវ​ចាត់​លោក​អេប៉ាប្រូឌីត​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ដែរ​ គាត់​ជា​បងប្អូន​ ជា​អ្នក​រួម​ការងារ​ ជា​អ្នក​រួម​ប្រយុទ្ធ​ និង​ជា​អ្នក​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ ហើយ​ក៏​ជា​អ្នក​នាំសារ​របស់​អ្នក​រាល់គ្នា​ដែរ​

26. ព្រោះ​គាត់​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់គ្នា​ណាស់​ ហើយ​គាត់​ពិបាក​ចិត្ដ​ណាស់​ដោយសារ​តែ​អ្នក​រាល់គ្នា​បាន‍​ឮ​ថា​ គាត់​ឈឺ‍។​

27. មែន​ហើយ​ គាត់​ឈឺ​ធ្ងន់​ស្ទើរ​តែ​ស្លាប់​មែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មេត្ដា​ដល់​គាត់​ ហើយ​មិន​មែន​តែ​គាត់​ប៉ុណ្ណោះ​ទេ​ ព្រះអង្គ​ក៏​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​លើ​ទុក្ខ។​

28. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រូតរះ​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រេកអរ​នៅ​ពេល​ជួប​គាត់​ម្ដង​ទៀត​ ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ពី​ទុក្ខព្រួយ​ដែរ។​

សូមអានជំពូកពេញលេញ ភីលីព 2