គម្ពីរសញ្ញាថ្មី

ភីលីព 2:1-10 Khmer Christian Bible (KCB)

1. ដូច្នេះ​បើ​មាន​ការ​លើក​ទឹកចិត្ដ​ណា​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ បើ​មាន​ការ​កម្សាន្ដ​ចិត្ដ​ណា​មួយ​របស់​សេចក្ដី​ស្រឡាញ់​ បើ​មាន​សេចក្ដី​ប្រកប​ណា​មួយ​របស់​ព្រះវិញ្ញាណ​ បើ​មាន​ព្រះហឫទ័យ​សន្ដោស​ និង​សេចក្ដី​មេត្ដា​ករុណា​ណា​មួយ​នោះ​

2. ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ​ចុះ​ ដោយ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ​ មាន​ចិត្ដ​រួប​រួម​គ្នា​ ហើយ​មាន​ឆន្ទៈ​តែ​មួយ។​

3. ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​

4. កុំ​ឲ្យ​ម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ម្នាក់ៗ​គិត​ពី​អ្នក​ដទៃ​ផង។​

5. ចូរ​ឲ្យ​មាន​គំនិត​ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ​ ព្រោះ​គំនិត​ដូច្នេះ​ក៏​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែរ​

6. ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ​ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ​

7. គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​មក​យក​សណ្ឋាន​ជា​បាវបម្រើ​ ដោយ​បាន​ប្រសូត​មក​ជា​មនុស្ស​ ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។​

8. ព្រះអង្គ​បាន​បន្ទាប​ខ្លួន​ ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត​ គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។​

9. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើង​ព្រះអង្គ​ឡើង​ ព្រមទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាម​លើ​អស់​ទាំង​នាម​ផង​

10. ដើម្បី​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ និង​នៅ​ក្រោម​ផែនដី​ត្រូវ​លត់​ចុះ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​

សូមអានជំពូកពេញលេញ ភីលីព 2