គម្ពីរសញ្ញាថ្មី

ភីលីព 1:13-22 Khmer Christian Bible (KCB)

13. ដូច្នេះ​ហើយ​បាន​ជា​ក្នុង​បន្ទាយ​ទ័ព​ទាំង​មូល​ និង​អ្នក​ទាំង​អស់​ផ្សេង​ទៀត​បាន​ដឹង​ច្បាស់​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ដោយសារ​ព្រះគ្រិស្ដ​

14. ហើយ​ដោយសារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ‍។​

15. មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ និង​ការ​ឈ្លោះ​ប្រកែក​មែន​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ពិត​ជា​ប្រកាស​ដោយ​ព្រោះ​បំណង​ល្អ​

16. គឺ​ពួកគេ​ប្រកាស​ដោយ​សេចក្ដី​ស្រឡាញ់​ ទាំង​ដឹង​ថា​ ខ្ញុំ​ត្រូវ​បាន​កំណត់​សម្រាប់​ឆ្លើយ​ការពារ​ដំណឹង​ល្អ​

17. រីឯ​ពួកអ្នក​ដែល​ប្រកាស​ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ ពួកគេ​ប្រកាស​អំពី​ព្រះគ្រិស្ដ​ដោយ​ការ​ប្រជែង​ មិន​មែន​ដោយ​ស្មោះត្រង់​ទេ​ គឺ​ដោយ​គិត​ថា​ នឹង​ធ្វើ​ឲ្យ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​កាន់​តែ​វេទនា​

18. តើ​យ៉ាង​ដូច​ម្ដេច​ដែរ?​ គឺ​មិន​ថា​ដោយ​របៀប​ណា​ទេ​ ទោះបី​ដោយ​ធ្វើ​ពុត​ ឬ​ដោយ​ពិត​ប្រាកដ​ក្ដី​ ឲ្យ​តែ​គេ​បាន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ នោះ​ខ្ញុំ​ត្រេកអរ​ចំពោះ​ការ​នេះ​ហើយ​ រួច​ខ្ញុំ​នឹង​ត្រេកអរ​តទៅ​ទៀត​

19. ដ្បិត​ខ្ញុំ​ដឹង​ថា​ ការ​នេះ​នឹង​ត្រលប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ​ ដោយសារ​ការ​ទូល​អង្វរ​របស់​អ្នក​រាល់គ្នា​ និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​គ្រិស្ដ។​

20. ស្រប​ទៅ​តាម​ការ​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​ និង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ គឺ​ថា​ ខ្ញុំ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ទាំង​ស្រុង​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ ក៏​ដូច​រាល់​ពេល​ដែរ​ ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​នឹង​ត្រូវ​បាន​លើក​តម្កើង​ឡើង​នៅ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ ទោះ​រស់​ ឬ​ស្លាប់​ក្ដី​

21. ដ្បិត​សម្រាប់​ខ្ញុំ​ រស់​គឺ​សម្រាប់​ព្រះគ្រិស្ដ​ ហើយ​ស្លាប់​ គឺ​ចំណេញ​

22. ប៉ុន្ដែ​បើ​ការ​រស់នៅ​ខាង​រូបកាយ​នេះ​ ជា​កិច្ចការ​ដែល​មាន​ផលផ្លែ​សម្រាប់​ខ្ញុំ​ នោះ​ខ្ញុំ​មិន​ដឹង​ថា​នឹង​ជ្រើស​រើស​យក​មួយ​ណា​ទេ​

សូមអានជំពូកពេញលេញ ភីលីព 1