គម្ពីរសញ្ញាថ្មី

ភីលីព 1:1-16 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ និង​ធីម៉ូថេ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួកអ្នក​មើល​ខុសត្រូវ​ និង​ពួកអ្នក​ជំនួយ​នៅ​ក្រុង​ភីលីព​

2. សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​

3. ខ្ញុំ​អរព្រះគុណ​ព្រះ​របស់​ខ្ញុំ​ រាល់​ពេល​ដែល​ខ្ញុំ​នឹកចាំ​ពី​អ្នក​រាល់គ្នា​

4. ហើយ​នៅ​ក្នុង​គ្រប់​ទាំង​ការ​ទូល​អង្វរ​របស់​ខ្ញុំ​ ខ្ញុំ​តែងតែ​ទូល​អង្វរ​ដោយ​អំណរ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ជានិច្ច​

5. ដោយសារ​ការ​ដែល​អ្នក​រាល់គ្នា​រួម​ចំណែក​នៅ​ក្នុង​ដំណឹង​ល្អ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ពេល​នេះ‍។​

6. ខ្ញុំ​ជឿ​ជាក់​លើ​សេចក្ដី​នេះ​ថា​ ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​អ្នក​រាល់គ្នា​ ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​រហូត​ដល់​ថ្ងៃ​របស់​ព្រះគ្រិស្ដ​យេស៊ូ។​

7. ការ​ដែល​ខ្ញុំ​គិត​ចំពោះ​អ្នក​ទាំង​អស់​គ្នា​បែប​នេះ​ គឺ​ត្រឹមត្រូវ​ហើយ​ ព្រោះ​ខ្ញុំ​មាន​អ្នក​រាល់គ្នា​នៅ​ក្នុង​ចិត្ត​ ដោយ​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​រួម​ចំណែក​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ព្រះគុណ​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ឆ្លើយ​ការពារ​ និង​បញ្ជាក់​អំពី​ដំណឹង​ល្អ។​

8. ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​

9. ខ្ញុំ​អធិស្ឋាន​បែប​នេះ​ថា​ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រាជ្ញា​ និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​

10. នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​

11. ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ការ​សរសើរ​តម្កើង​ និង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

12. បងប្អូន​អើយ!​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ហេតុការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ បាន​ធ្វើ​ឲ្យ​ដំណឹង​ល្អ​កាន់​តែ​រីក​ចម្រើន​ឡើង​

13. ដូច្នេះ​ហើយ​បាន​ជា​ក្នុង​បន្ទាយ​ទ័ព​ទាំង​មូល​ និង​អ្នក​ទាំង​អស់​ផ្សេង​ទៀត​បាន​ដឹង​ច្បាស់​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ដោយសារ​ព្រះគ្រិស្ដ​

14. ហើយ​ដោយសារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ‍។​

15. មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ និង​ការ​ឈ្លោះ​ប្រកែក​មែន​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ពិត​ជា​ប្រកាស​ដោយ​ព្រោះ​បំណង​ល្អ​

16. គឺ​ពួកគេ​ប្រកាស​ដោយ​សេចក្ដី​ស្រឡាញ់​ ទាំង​ដឹង​ថា​ ខ្ញុំ​ត្រូវ​បាន​កំណត់​សម្រាប់​ឆ្លើយ​ការពារ​ដំណឹង​ល្អ​

សូមអានជំពូកពេញលេញ ភីលីព 1