1. រីឯអ្នកវិញ ចូរនិយាយសេចក្ដីណាដែលស្របតាមសេចក្ដីបង្រៀនត្រឹមត្រូវ។
2. ត្រូវឲ្យបុរសចាស់ៗចេះទប់ចិត្ដ ហើយដឹងខុសត្រូវ គួរឲ្យគោរព និងរឹងមាំក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីអត់ធ្មត់ផង។
3. រីឯស្ត្រីចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទសមជាអ្នកបរិសុទ្ធ មិននិយាយមូលបង្កាច់ ឬញៀនស្រាឡើយ ប៉ុន្តែជាគ្រូបង្រៀនសេចក្ដីត្រឹមត្រូវវិញ
4. ដើម្បីអប់រំស្រ្តីក្មេងៗឲ្យស្រឡាញ់ប្ដី និងកូនរបស់ខ្លួន
5. ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណាប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
6. រីឯបុរសក្មេងៗវិញ ក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានគំនិតត្រឹមត្រូវ។
7. ក្នុងការអ្វីក៏ដោយ ចូរបង្ហាញខ្លួនអ្នកទុកជាគំរូពីកិច្ចការល្អ ហើយនៅក្នុងការបង្រៀនវិញ ចូរបង្ហាញភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ
8. និងពាក្យសំដីត្រឹមត្រូវ ដែលរកបន្ទោសមិនបាន ដើម្បីឲ្យអ្នកប្រឆាំងអាម៉ាស់មុខដោយគ្មានអ្វីអាក្រក់និយាយអំពីយើង។
9. ចូរឲ្យពួកបាវបម្រើចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ទាំងផ្គាប់ចិត្តចៅហ្វាយ ហើយឥតប្រកែក
10. ឥតលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសំដែងភាពស្មោះត្រង់ទាំងស្រុង ដើម្បីតុបតែងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើងក្នុងគ្រប់ការទាំងអស់
11. ដ្បិតព្រះគុណរបស់ព្រះជាម្ចាស់ដែលនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់បានលេចមកហើយ
12. ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់