7. ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ
8. ផ្ទុយទៅវិញ ត្រូវចេះរាក់ទាក់ ស្រឡាញ់ការល្អ ដឹងខុសត្រូវ សុចរិត បរិសុទ្ធ ចេះទប់ចិត្ត
9. ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។
10. ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។
11. ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។
12. មានម្នាក់ក្នុងចំណោមពួកគេ ជាអ្នកនាំព្រះបន្ទូលរបស់ពួកគេផ្ទាល់បាននិយាយថា អ្នកស្រុកក្រេតសុទ្ធតែជាពួកកុហក ជាសត្វសាហាវដ៏អាក្រក់ ជាពួកល្មោភស៊ី ហើយខ្ជិលច្រអូស។
13. សេចក្ដីបន្ទាល់នេះពិតណាស់ ដូច្នេះចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានជំនឿត្រឹមត្រូវ
14. ហើយកុំចាប់អារម្មណ៍នឹងរឿងព្រេងរបស់ជនជាតិយូដា ឬបញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិតនោះឡើយ។
15. ចំពោះពួកអ្នកដែលបរិសុទ្ធ អ្វីៗទាំងអស់ក៏បរិសុទ្ធ រីឯពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ គ្មានអ្វីបរិសុទ្ធឡើយ ផ្ទុយទៅវិញ ទាំងគំនិត និងមនសិការរបស់ពួកគេស្មោកគ្រោកអស់ហើយ។
16. ពួកគេប្រកាសថាស្គាល់ព្រះជាម្ចាស់ ប៉ុន្ដែតាមរយៈការប្រព្រឹត្តិ ពួកគេមិនទទួលស្គាល់ព្រះអង្គទេ ពួកគេជាមនុស្សគួរខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយគ្មានប្រយោជន៍សម្រាប់ការល្អទាំងឡាយទាល់តែសោះ។