3. ប៉ុន្ដែនៅពេលកំណត់ ព្រះអង្គបានបង្ហាញឲ្យឃើញព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការប្រកាសដំណឹងល្អដែលខ្ញុំបានទទួលការផ្ទុកផ្ដាក់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង។
4. ជូនចំពោះទីតុសជាកូនពិតប្រាកដស្របតាមជំនឿតែមួយ សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអង្គសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នក។
5. ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រេតសម្រាប់ការនេះ គឺដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យបានរៀបរយ ព្រមទាំងតែងតាំងឲ្យមានចាស់ទុំនៅគ្រប់ក្រុង ដូចដែលខ្ញុំបានបង្គាប់អ្នក
6. អ្នកនោះជាអ្នកដែលឥតបន្ទោសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿ ដែលគ្មានអ្នកណាចោទប្រកាន់ថាខិលខូច ឬមិនស្ដាប់បង្គាប់ឡើយ។
7. ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ
8. ផ្ទុយទៅវិញ ត្រូវចេះរាក់ទាក់ ស្រឡាញ់ការល្អ ដឹងខុសត្រូវ សុចរិត បរិសុទ្ធ ចេះទប់ចិត្ត
9. ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។
10. ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។
11. ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។
12. មានម្នាក់ក្នុងចំណោមពួកគេ ជាអ្នកនាំព្រះបន្ទូលរបស់ពួកគេផ្ទាល់បាននិយាយថា អ្នកស្រុកក្រេតសុទ្ធតែជាពួកកុហក ជាសត្វសាហាវដ៏អាក្រក់ ជាពួកល្មោភស៊ី ហើយខ្ជិលច្រអូស។
13. សេចក្ដីបន្ទាល់នេះពិតណាស់ ដូច្នេះចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានជំនឿត្រឹមត្រូវ
14. ហើយកុំចាប់អារម្មណ៍នឹងរឿងព្រេងរបស់ជនជាតិយូដា ឬបញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិតនោះឡើយ។
15. ចំពោះពួកអ្នកដែលបរិសុទ្ធ អ្វីៗទាំងអស់ក៏បរិសុទ្ធ រីឯពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ គ្មានអ្វីបរិសុទ្ធឡើយ ផ្ទុយទៅវិញ ទាំងគំនិត និងមនសិការរបស់ពួកគេស្មោកគ្រោកអស់ហើយ។
16. ពួកគេប្រកាសថាស្គាល់ព្រះជាម្ចាស់ ប៉ុន្ដែតាមរយៈការប្រព្រឹត្តិ ពួកគេមិនទទួលស្គាល់ព្រះអង្គទេ ពួកគេជាមនុស្សគួរខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយគ្មានប្រយោជន៍សម្រាប់ការល្អទាំងឡាយទាល់តែសោះ។