គម្ពីរសញ្ញាថ្មី

កូឡូស 3:15-25 Khmer Christian Bible (KCB)

15. ចូរ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ ដើម្បី​សេចក្ដី​នោះ​ឯង​ ហើយ​ចូរ​អរព្រះគុណ​ផង។​

16. ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​

17. ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​

18. ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ចុះ​ ដោយ​ព្រោះ​ជា​ការ​សមរម្យ​នៅ​ក្នុង​ព្រះអម្ចាស់។​

19. ប្ដី​រាល់គ្នា​អើយ!​ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ចុះ​ កុំ​មួម៉ៅ​ដាក់​នាង​ឡើយ។​

20. ក្មេង​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​នៅ​ក្នុង​ការ​ទាំង​អស់​ ដ្បិត​នេះ​ជា​ការ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។​

21. ឪពុក​រាល់គ្នា​អើយ!​ ចូរ​កុំ​រករឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ខឹង​ឡើយ​ ក្រែង​លោ​វា​ខូចចិត្ត។​

22. បាវបម្រើ​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ចៅហ្វាយ​ខាង​សាច់ឈាម​នៅ​ក្នុង​ការ​ទាំង​អស់​ចុះ​ មិន​មែន​បម្រើ​តែ​ក្នុង​ការ​ដែល​គេ​មើល​ឃើញ​ ដូច​ជា​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ​ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ដ​ស្មោះត្រង់​ទាំង​កោតខ្លាច​ព្រះអម្ចាស់​

23. ហើយ​ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ​ចុះ​ ដូច​ជា​បម្រើ​ព្រះអម្ចាស់​ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ទេ​

24. ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មរតក​ជា​រង្វាន់​ពី​ព្រះអម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់។​

25. អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​

សូមអានជំពូកពេញលេញ កូឡូស 3