គម្ពីរសញ្ញាថ្មី

កូឡូស 3:11-17 Khmer Christian Bible (KCB)

11. នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​

12. ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​

13. ចូរ​ទ្រាំទ្រ​គ្នា​ ​ទោះបី​មាន​រឿង​អ្វី​មួយ​ទាស់​នឹង​អ្នកណា​ក៏​ដោយ​ ត្រូវ​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​ព្រះអម្ចាស់​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់គ្នា​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ​

14. លើស​ពី​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​ពាក់​សេចក្ដី​ស្រឡាញ់​ដែល​នាំ​ឲ្យ​មាន​ការ​រួបរួម​គ្នា​យ៉ាង​គ្រប់​លក្ខណ៍​ចុះ។​

15. ចូរ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ ដើម្បី​សេចក្ដី​នោះ​ឯង​ ហើយ​ចូរ​អរព្រះគុណ​ផង។​

16. ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​

17. ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​

សូមអានជំពូកពេញលេញ កូឡូស 3