គម្ពីរសញ្ញាថ្មី

កូឡូស 3:1-12 Khmer Christian Bible (KCB)

1. ដូច្នេះ​ បើ​សិន​ជា​អ្នក​រាល់គ្នា​បាន​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​មែន​ ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ ជា​ស្ថាន​ដែល​ព្រះគ្រិស្ដ​គង់​ខាង​ស្ដាំនៃ​ព្រះជាម្ចាស់​នោះ​វិញ។​

2. ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឲ្យ​សោះ។​

3. ដ្បិត​អ្នក​រាល់គ្នា​បាន​ស្លាប់​ហើយ​ រីឯ​ជីវិត​របស់​អ្នក​រាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​

4. ពេល​ព្រះគ្រិស្ដ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់គ្នា​បង្ហាញ​ខ្លួន​ នោះ​អ្នក​រាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​សិរី​រុងរឿង​ដែរ។​

5. ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​

6. ដ្បិត​ដោយ​ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ​ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ធ្លាក់​លើ​ពួក​កូន​ដែល​មិន​ស្ដាប់​បង្គាប់​

7. ហើយ​កាល​ពី​មុន​ ពេល​អ្នក​រាល់គ្នារស់នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ក៏​បាន​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ​ដែរ​

8. ប៉ុន្ដែ​ឥឡូវ​នេះ​ ចូរ​អ្នក​រាល់គ្នា​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល​ទៅ​ គឺ​ចិត្ដ​ក្ដៅ​ក្រហាយ​ កំហឹង​ សេចក្ដី​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ពាក្យ​មិន​សមរម្យ​ចេញ​ពី​មាត់​របស់​អ្នក​រាល់គ្នា​

9. កុំ​កុហក​គ្នា​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​បាន​ដោះ​មនុស្ស​ចាស់​ជាមួយ​នឹង​ការ​ប្រព្រឹត្ដិ​របស់​វា​ចោល​ហើយ​

10. រួច​អ្នក​រាល់គ្នា​ក៏​បាន​ពាក់​មនុស្ស​ថ្មី​ដែល​កំពុង​ផ្លាស់ប្រែ​ជា​ថ្មី​ខាង​ឯ​ការ​យល់​ដឹង​ ដើម្បី​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​ថ្មី​នោះ​

11. នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​

12. ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​

សូមអានជំពូកពេញលេញ កូឡូស 3