គម្ពីរសញ្ញាថ្មី

កូឡូស 2:1-9 Khmer Christian Bible (KCB)

1. ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​ដើម្បី​អ្នក​រាល់គ្នា​ ដើម្បី​ពួកអ្នក​ក្រុង​ឡៅឌីសេ​ និង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ​

2. គឺ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ រួបរួម​គ្នា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ ហើយ​មាន​ការ​យល់ដឹង​យ៉ាង​ជឿជាក់​ និង​យ៉ាង​បរិបូរ​ ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះគ្រិស្ដ​

3. ដ្បិត​កំណប់​នៃ​ប្រាជ្ញា​ និង​ចំណេះដឹង​ទាំងឡាយ​បាន​លាក់​ទុក​នៅ​ក្នុង​ព្រះអង្គ។​

4. ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​លួងលោម​បាន​ឡើយ។​

5. ដ្បិត​ទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ខាង​សាច់ឈាម​ក្ដី​ ក៏​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ខាង​វិញ្ញាណ​ដែរ​ ហើយ​ខ្ញុំ​មាន​អំណរ​ដែល​ឃើញ​អ្នក​រាល់គ្នា​មាន​សណ្ដាប់​ធ្នាប់​ ទាំង​មាន​ជំនឿ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​ព្រះគ្រិស្ដ។​

6. ដូច្នេះ​ អ្នក​រាល់គ្នា​ទទួល​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ជា​យ៉ាង​ណា​ ចូរ​រស់នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​នោះ​ចុះ​

7. ហើយ​ចាក់​ឫស​ និង​ស្អាង​ឡើង​នៅ​ក្នុង​ព្រះអង្គ​ ព្រមទាំង​មាន​ជំនឿ​មាំមួន​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ការ​បង្រៀន​រួច​មក​ហើយ​ ទាំង​អរព្រះគុណ​ឲ្យ​ច្រើន​ឡើង។​

8. ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​

9. ដ្បិត​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​នៃ​លក្ខណៈ​របស់​ព្រះជាម្ចាស់​ស្ថិត​ជា​រូបរាង​នៅ​ក្នុង​ព្រះគ្រិស្ដ​

សូមអានជំពូកពេញលេញ កូឡូស 2