គម្ពីរសញ្ញាថ្មី

កូឡូស 1:18-29 Khmer Christian Bible (KCB)

18. ព្រះអង្គ​ជា​ព្រះសិរ​របស់​រូបកាយ​ដែល​ជា​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង​ ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​មេ​លើ​អ្វីៗ​ទាំង​អស់​

19. ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះរាជ​បុត្រា​

20. ហើយ​ឲ្យ​អ្វីៗ​ទាំង​អស់​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ព្រះរាជ​បុត្រា​នោះ​ គឺ​តាមរយៈ​ឈាម​របស់​ព្រះរាជ​បុត្រា​ដែល​បាន​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង​ ព្រះអង្គ​បាន​បង្កើត​សន្ដិភាព​ជាមួយ​អ្វីៗ​ទាំង​អស់​ មិន​ថា​នៅ​ស្ថានសួគ៌​ ឬ​នៅ​ផែនដី​ទេ។​

21. ដូច្នេះ​កាល​ពីដើម​អ្នក​រាល់គ្នា​បាន​ដាច់​ចេញ​ពី​ព្រះជាម្ចាស់​ ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​សត្រូវ​ដោយ​ប្រព្រឹត្ដ​អំពើ​អាក្រក់​

22. ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ឲ្យ​អ្នក​រាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​

23. បើ​អ្នក​រាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ ហើយ​មាំមួន​ ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​នោះ។​ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។​

24. ឥឡូវ​នេះ​ ខ្ញុំ​មាន​អំណរ​នឹង​ការ​រងទុក្ខ​លំបាក​របស់​ខ្ញុំ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដ្បិត​ខ្ញុំ​កំពុង​បំពេញ​ក្នុង​រូប​សាច់​របស់​ខ្ញុំ​នូវ​ភាព​ខ្វះខាត​នៃ​ការ​រងទុក្ខ​លំបាក​របស់​ព្រះគ្រិស្ដ​សម្រាប់​រូបកាយ​របស់​ព្រះអង្គ​ដែល​ជា​ក្រុមជំនុំ​

25. ហើយ​ខ្ញុំ​ក៏​ត្រលប់​ជា​អ្នក​បម្រើ​ក្រុមជំនុំ​ស្រប​តាម​តួនាទី​មើល​ការ​ខុសត្រូវ​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វ​គ្រប់​

26. គឺ​ជា​សេចក្ដី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​តរៀង​មក​ ប៉ុន្ដែ​ ឥឡូវ​នេះ​ បាន​បង្ហាញ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ស្គាល់​

27. ដោយ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​បង្ហាញ​ឲ្យ​ពួកគេ​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​នៃ​សេចក្ដី​អាថ៌កំបាំង​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ គឺ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​សិរី​រុងរឿង។​

28. យើង​ប្រកាស​អំពី​ព្រះអង្គ​ ហើយ​ដាស់​តឿន​ និង​បង្រៀន​មនុស្ស​គ្រប់​គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែប​យ៉ាង​ ដើម្បី​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​

29. ហើយ​សម្រាប់​ការ​នេះ​ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​ ទាំង​តយុទ្ធ​ដោយ​អានុភាព​របស់​ព្រះអង្គ​ដែល​ធ្វើ​ការ​យ៉ាង​មាន​អំណាច​នៅ​ក្នុង​ខ្ញុំ។​

សូមអានជំពូកពេញលេញ កូឡូស 1