គម្ពីរសញ្ញាថ្មី

កូឡូស 1:10-24 Khmer Christian Bible (KCB)

10. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅ​ក្នុង​ការ​ទាំង​អស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផលផ្លែ​នៅ​ក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ព្រះជាម្ចាស់​

11. ហើយ​ឲ្យ​មាន​កម្លាំង​ប្រកប​ដោយ​អំណាច​គ្រប់​បែបយ៉ាង​ស្រប​តាម​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ការ​ស៊ូទ្រាំ​ និង​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​

12. រួច​អរព្រះគុណ​ដល់​ព្រះវរបិតា​ដោយ​អំណរ​ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ស័ក្ដិសម​នឹង​មាន​ចំណែក​ក្នុង​មរតក​របស់​ពួក​បរិសុទ្ធ​ដែល​នៅ​ក្នុង​ពន្លឺ។​

13. ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត​ រួច​នាំ​យើង​មក​ក្នុង​នគរ​នៃ​ព្រះរាជ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​

14. ហើយ​នៅ​ក្នុង​ព្រះរាជ​បុត្រា​ យើង​មាន​ការ​ប្រោសលោះ​ដែល​ជា​ការ​លើក​លែង​ទោស​បាប‍។​

15. ព្រះរាជ​បុត្រា​នោះ​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​ និង​ជា​កូន​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​

16. ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ទាំង​អ្វីៗ​ដែល​មនុស្ស​អាច​មើល​ឃើញ​ និង​មិន​អាច​មើល​ឃើញ​ មិន​ថា​ រាជ្យ​បល្ល័ង្ក​ អំណាច​គ្រប់គ្រង​ ការ​គ្រប់គ្រង​ ឬ​សិទ្ធិ​អំណាច​ គឺ​អ្វីៗ​ទាំង​អស់​កើត​មក​ដោយសារ​ព្រះអង្គ ហើយ​សម្រាប់​ព្រះអង្គ។​

17. មុន​មាន​អ្វីៗ​ទាំង​អស់​ មាន​ព្រះអង្គ​រួច​ហើយ​ រីឯ​អ្វីៗ​ទាំង​អស់​នៅ​ស្ថិតស្ថេរ​ដោយសារ​ព្រះអង្គ។​

18. ព្រះអង្គ​ជា​ព្រះសិរ​របស់​រូបកាយ​ដែល​ជា​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង​ ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​មេ​លើ​អ្វីៗ​ទាំង​អស់​

19. ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះរាជ​បុត្រា​

20. ហើយ​ឲ្យ​អ្វីៗ​ទាំង​អស់​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ព្រះរាជ​បុត្រា​នោះ​ គឺ​តាមរយៈ​ឈាម​របស់​ព្រះរាជ​បុត្រា​ដែល​បាន​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង​ ព្រះអង្គ​បាន​បង្កើត​សន្ដិភាព​ជាមួយ​អ្វីៗ​ទាំង​អស់​ មិន​ថា​នៅ​ស្ថានសួគ៌​ ឬ​នៅ​ផែនដី​ទេ។​

21. ដូច្នេះ​កាល​ពីដើម​អ្នក​រាល់គ្នា​បាន​ដាច់​ចេញ​ពី​ព្រះជាម្ចាស់​ ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​សត្រូវ​ដោយ​ប្រព្រឹត្ដ​អំពើ​អាក្រក់​

22. ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ឲ្យ​អ្នក​រាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​

23. បើ​អ្នក​រាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ ហើយ​មាំមួន​ ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​នោះ។​ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។​

24. ឥឡូវ​នេះ​ ខ្ញុំ​មាន​អំណរ​នឹង​ការ​រងទុក្ខ​លំបាក​របស់​ខ្ញុំ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដ្បិត​ខ្ញុំ​កំពុង​បំពេញ​ក្នុង​រូប​សាច់​របស់​ខ្ញុំ​នូវ​ភាព​ខ្វះខាត​នៃ​ការ​រងទុក្ខ​លំបាក​របស់​ព្រះគ្រិស្ដ​សម្រាប់​រូបកាយ​របស់​ព្រះអង្គ​ដែល​ជា​ក្រុមជំនុំ​

សូមអានជំពូកពេញលេញ កូឡូស 1