គម្ពីរសញ្ញាថ្មី

កូឡូស 1:1-7 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​តាម​បំណង​របស់​ព្រះជាម្ចាស់​ និង​ធីម៉ូថេ​ជា​បងប្អូន​

2. ជូន​ចំពោះ​ពួក​បរិសុទ្ធ​ និង​ពួក​បងប្អូន​ស្មោះត្រង់​ទាំងឡាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ក្រុង​កូល៉ុស​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​

3. ពេល​យើង​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ យើង​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង​ជានិច្ច​

4. ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះគ្រិស្ដ​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

5. គឺ​ជា​សេចក្ដី​ស្រឡាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែល​ជា​ដំណឹង​ល្អ​

6. ដែល​បាន​មក​ដល់​អ្នក​រាល់គ្នា​ ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ​ និង​ចម្រើន​ឡើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ និង​បាន​យល់​ព្រះគុណ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​

7. ដូច​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​លោក​អេប៉ាប្រាស​ ជា​បាវបម្រើ​រួម​ការងារ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ស្រាប់​ហើយ​ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រិស្ដ​សម្រាប់​អ្នក​រាល់គ្នា​

សូមអានជំពូកពេញលេញ កូឡូស 1