គម្ពីរសញ្ញាថ្មី

កូឡូស 1:1-16 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​តាម​បំណង​របស់​ព្រះជាម្ចាស់​ និង​ធីម៉ូថេ​ជា​បងប្អូន​

2. ជូន​ចំពោះ​ពួក​បរិសុទ្ធ​ និង​ពួក​បងប្អូន​ស្មោះត្រង់​ទាំងឡាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ក្រុង​កូល៉ុស​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​

3. ពេល​យើង​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ យើង​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង​ជានិច្ច​

4. ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះគ្រិស្ដ​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

5. គឺ​ជា​សេចក្ដី​ស្រឡាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែល​ជា​ដំណឹង​ល្អ​

6. ដែល​បាន​មក​ដល់​អ្នក​រាល់គ្នា​ ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ​ និង​ចម្រើន​ឡើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ និង​បាន​យល់​ព្រះគុណ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​

7. ដូច​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​លោក​អេប៉ាប្រាស​ ជា​បាវបម្រើ​រួម​ការងារ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ស្រាប់​ហើយ​ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រិស្ដ​សម្រាប់​អ្នក​រាល់គ្នា​

8. ហើយ​គាត់​ក៏​បាន​ប្រាប់​យើង​ឲ្យដឹង​ដែរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះវិញ្ញាណ។​

9. ហេតុ​នេះ​ហើយ​ បាន​ជា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន‍​ឮ​អំពី​អ្នក​រាល់គ្នា​ យើង​បាន​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ឥត​ឈប់​ឈរ​ឡើយ ទាំង​ទូល​សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ពេញ​ដោយ​ការ​យល់​ដឹង​អំពី​បំណង​របស់​ព្រះអង្គ​តាមរយៈ​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ទាំងឡាយ​ខាង​វិញ្ញាណ​

10. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅ​ក្នុង​ការ​ទាំង​អស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផលផ្លែ​នៅ​ក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ព្រះជាម្ចាស់​

11. ហើយ​ឲ្យ​មាន​កម្លាំង​ប្រកប​ដោយ​អំណាច​គ្រប់​បែបយ៉ាង​ស្រប​តាម​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ការ​ស៊ូទ្រាំ​ និង​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​

12. រួច​អរព្រះគុណ​ដល់​ព្រះវរបិតា​ដោយ​អំណរ​ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ស័ក្ដិសម​នឹង​មាន​ចំណែក​ក្នុង​មរតក​របស់​ពួក​បរិសុទ្ធ​ដែល​នៅ​ក្នុង​ពន្លឺ។​

13. ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត​ រួច​នាំ​យើង​មក​ក្នុង​នគរ​នៃ​ព្រះរាជ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​

14. ហើយ​នៅ​ក្នុង​ព្រះរាជ​បុត្រា​ យើង​មាន​ការ​ប្រោសលោះ​ដែល​ជា​ការ​លើក​លែង​ទោស​បាប‍។​

15. ព្រះរាជ​បុត្រា​នោះ​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​ និង​ជា​កូន​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​

16. ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ទាំង​អ្វីៗ​ដែល​មនុស្ស​អាច​មើល​ឃើញ​ និង​មិន​អាច​មើល​ឃើញ​ មិន​ថា​ រាជ្យ​បល្ល័ង្ក​ អំណាច​គ្រប់គ្រង​ ការ​គ្រប់គ្រង​ ឬ​សិទ្ធិ​អំណាច​ គឺ​អ្វីៗ​ទាំង​អស់​កើត​មក​ដោយសារ​ព្រះអង្គ ហើយ​សម្រាប់​ព្រះអង្គ។​

សូមអានជំពូកពេញលេញ កូឡូស 1