គម្ពីរសញ្ញាថ្មី

កិច្ចការ 9:4-16 Khmer Christian Bible (KCB)

4. ហើយ​គាត់​ក៏​ដួល​លើ​ដី​ ពេល​នោះ​គាត់​ឮ​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «សុល​អើយ!​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?»​

5. គាត់​ក៏​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?» ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​ [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​

6. គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​

7. រីឯ​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​គាត់​បាន​ឈរ​ភាំង​ ព្រោះ​ពួកគេ​ឮ​សំឡេង​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​អ្នកណា​សោះ​

8. ​គេ​ក៏​លើក​លោក​សុល​ក្រោក​ឡើង​ពី​ដី​ ហើយ​ពេល​គាត់​បើក​ភ្នែក​ គាត់​មើល​មិន​ឃើញ​អ្វី​សោះ​ ដូច្នេះ​ពួកគេ​ក៏​ដឹក​ដៃ​គាត់​នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់។​

9. ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ គាត់​មើល​មិន​ឃើញ​ ហើយ​ក៏​មិន​បាន​បរិភោគ​ ឬ​ផឹក​អ្វី​សោះ​

10. នៅ​ក្នុង​ក្រុង​ដាម៉ាស់​ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​ ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «អាណានាស!»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​នៅ​ទីនេះ»​

11. ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ទៀត​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ទៅ​ឯ​ផ្លូវ​មួយ​ដែល​ហៅ​ថា​ផ្លូវ​ត្រង់​ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល​ ជា​អ្នក​ក្រុង​តើសុស​ ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​យូដាស​ ដ្បិត​មើល៍​ គាត់​កំពុង​អធិស្ឋាន​

12. ហើយ​គាត់​ក៏​ឃើញ​បុរស​ម្នាក់​ដែរ​ ឈ្មោះ​អាណានាស​នៅ​ក្នុង​សុបិន​និមិត្ដ​បាន​ចូល​មក​ដាក់​ដៃ​លើ​គាត់​ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​វិញ»​

13. ​ពេល​នោះ​លោក​អាណានាស​ឆ្លើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ឮ​មនុស្ស​ជាច្រើន​និយាយ​អំពី​ម្នាក់​នេះ​ថា​ គាត់​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​

14. ហើយ​ម្នាក់​នេះ​មក​ទីនេះ​ ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ដែល​កំពុង​អំពាវនាវ​ដល់​ព្រះនាម​របស់​ព្រះអង្គ​ទាំងអស់»​

15. ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​

16. ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​

សូមអានជំពូកពេញលេញ កិច្ចការ 9