គម្ពីរសញ្ញាថ្មី

កិច្ចការ 9:15-23 Khmer Christian Bible (KCB)

15. ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​

16. ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​

17. ដូច្នេះ​ លោក​អាណានាស​ក៏​ចាកចេញ​ទៅ​ ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល​ គាត់​ក៏​និយាយ​ថា៖​ «ឱ​បង​សុល​អើយ!​ ព្រះអម្ចាស់​យេស៊ូ​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើល​ឃើញ​វិញ​ និង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»​

18. រំពេច​នោះ​មាន​អ្វី​មួយ​ដូចជា​ស្រកា​បាន​ជ្រុះ​ពី​ភ្នែក​របស់​លោក​សុល​មក​ ហើយ​គាត់​ក៏​មើល​ឃើញ​វិញ​ រួច​គាត់​ក៏​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជទឹក​

19. ក្រោយ​ពី​បាន​បរិភោគ​អាហារ​រួច​ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។​ បន្ទាប់​មក​ គាត់​ក៏​នៅ​ជាមួយ​ពួក​សិស្ស​ក្នុង​ក្រុង​ដាម៉ាស់​ជា​ច្រើន​ថ្ងៃ​

20. ហើយ​ភ្លាម​នោះ​ គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលា​ប្រជុំ​នានា​អំពី​ព្រះយេស៊ូ​ថា​ ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​

21. រីឯ​ពួក​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្ដាប់​គាត់​បាន​ងឿង​ឆ្ងល់​ ហើយ​សួរ​គ្នា​ថា៖​ «តើ​មិន​មែន​ម្នាក់​នេះ​ទេ​ឬ​ ដែល​បាន​បំផ្លាញ​ពួក​អ្នក​ដែល​អំពាវនាវ​ដល់​ឈ្មោះ​នេះ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​ដោយសារ​តែ​មូលហេតុ​នេះ​ បាន​ជា​គាត់​មក​ទីនេះ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ទាំង​នោះ​នាំ​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ?»​

22. ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​សុល​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ ហើយ​បាន​ផ្ចាញ់ផ្ចាល​ពួក​ជនជាតិ​យូដា​ ដែល​រស់នៅ​ក្នុង​ក្រុង​ដាម៉ាស់​ ដោយ​អះអាង​ថា​ ព្រះយេស៊ូ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ។​

23. ដូច្នេះ​ ច្រើន​ថ្ងៃ​ក្រោយ​មក​ ពួក​ជនជាតិ​យូដា​បាន​ពិភាក្សា​គ្នា​ដើម្បី​សម្លាប់​គាត់។​

សូមអានជំពូកពេញលេញ កិច្ចការ 9