7. ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា
8. ដូច្នេះហើយក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ។
9. នៅក្នុងក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលកាលពីមុនធ្លាប់ប្រើមន្ដអាគមធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែង ព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់
10. មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់»
11. ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយ បានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ
12. ប៉ុន្ដែពេលពួកគេជឿដំណឹងល្អ ដែលលោកភីលីពបានប្រកាសអំពីនគរព្រះជាម្ចាស់ និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុស ទាំងស្រី
13. សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។
14. បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ
15. អ្នកទាំងពីរក៏ចុះមក ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ
16. ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយ ពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ
17. ដូច្នេះហើយ អ្នកទាំងពីរនោះបានដាក់ដៃលើពួកគេ ហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ
18. ពេលលោកស៊ីម៉ូនឃើញថា ព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃរបស់សាវកទាំងពីរដូច្នេះ គាត់ក៏ជូនប្រាក់ដល់សាវកទាំងពីរនោះ
19. ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរ ដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើបានទទួលព្រះវិញ្ញាណបរិសុទ្ធ»
20. ប៉ុន្ដែលោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់ទិញអំណោយទានរបស់ព្រះជាម្ចាស់បាន!
21. ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។
22. ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក
23. ដ្បិតខ្ញុំឃើញថា អ្នកជាប់នៅក្នុងសេចក្ដីជូរល្វីង និងចំណងនៃសេចក្ដីទុច្ចរិត»
24. ពេលនោះ លោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះ កើតឡើងចំពោះខ្ញុំឡើយ»។