គម្ពីរសញ្ញាថ្មី

កិច្ចការ 8:28-40 Khmer Christian Bible (KCB)

28. ហើយ​ពេល​គាត់​កំពុង​ជិះ​រទេះ​សេះ​របស់​គាត់​ត្រលប់​ទៅ​វិញ​ គាត់​ក៏​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​

29. ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​

30. នៅពេល​រត់​ទៅ​ទាន់​រទេះ​សេះ​នោះ​ លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដូច្នេះ​លោក​ភីលីព​ក៏​សួរ​ថា៖​ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?»​

31. គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​

32. បទគម្ពីរ​ដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អាន​គឺ​ លោក​ត្រូវ​គេ​នាំ​ទៅ​ដូចជា​ចៀម​ ដែល​គេ​យក​ទៅ​សម្លាប់​ ហើយ​ដូចជា​កូន​ចៀម​ ដែល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម​ ដូច្នេះ​ហើយ​បាន​ជា​លោក​មិន​បើក​មាត់​និយាយ​សោះ។​

33. នៅពេល​លោក​ត្រូវ​គេ​បន្ទាប​បន្ថោក​ លោក​មិន​បាន​ទទួល​សេចក្ដី​យុត្តិធម៌​ទេ។​ តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់​លោក​បាន?​ ព្រោះ​គេ​បាន​ដក​យក​ជីវិត​របស់​លោក​ពី​ផែនដី​នេះ​បាត់​ហើយ។​

34. មនុស្ស​កម្រៀវ​នោះ​បាន​សួរ​លោក​ភីលីព​ថា៖​ «ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍​ តើ​អ្នក​នាំ​ព្រះបន្ទូល​និយាយ​យ៉ាង​ដូច្នេះ​អំពី​អ្នកណា?​ អំពី​ខ្លួន​គាត់​ ឬ​អំពី​អ្នក​ដទៃ?»​

35. ដូច្នេះ​លោក​ភីលីព​ក៏​បើក​មាត់​ប្រកាស​ប្រាប់​មន្ដ្រីនោះ​អំពី​ព្រះយេស៊ូ​ ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នោះ។​

36. ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​មាន​ទឹក។​ មនុស្ស​កម្រៀវ​នោះ​ក៏​ប្រាប់​ថា៖​ «មើល៍​ នៅ​ទីនេះ​មាន​ទឹក!​ តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?​»

37. [លោក​ភីលីព​តប​ថា៖​ «បើ​លោក​ជឿ​អស់​ពី​ចិត្ដ​មែន​ នោះ​លោក​អាច​ទទួល​បាន»​ មន្ដ្រី​នោះ​ក៏​ឆ្លើយ​ថា៖​ «ខ្ញុំ​ជឿ​ថា​ព្រះយេស៊ូ​គិ្រស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»]​

38. ពេល​នោះ​គាត់​ក៏​បញ្ជា​ឲ្យ​រទេះ​សេះ​ឈប់​ ហើយ​ពួកគេ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់​ ទាំង​លោក​ភីលីព​ និង​មនុស្ស​កម្រៀវ​ រួច​លោក​ភីលីព​ក៏​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​មនុស្ស​កម្រៀវ​នោះ។​

39. ពេល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ​ ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ក៏​ឆក់​យក​លោក​ភីលីព​ទៅ​ ហើយ​មនុស្ស​កម្រៀវ​នោះ​មិន​ឃើញ​លោក​ភីលីព​ទៀត​ទេ​ ប៉ុន្ដែ​គាត់​បាន​បន្ដ​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។​

40. រីឯ​លោក​ភីលីព​វិញ​ គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ ហើយ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ គាត់​ក៏​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់​ រហូត​ទាល់​តែ​គាត់​បាន​មក​ដល់​ក្រុង​សេសារា។​

សូមអានជំពូកពេញលេញ កិច្ចការ 8