គម្ពីរសញ្ញាថ្មី

កិច្ចការ 8:26-33 Khmer Christian Bible (KCB)

26. នៅ​ពេល​នោះ​ ទេវតា​របស់​ព្រះអម្ចាស់​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ តាម​ផ្លូវ​ដែល​ឡើង​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា​ចុះ»។​ ផ្លូវ​នេះ​ស្ងាត់​ណាស់។​

27. ដូច្នេះ​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ។​ មាន​ជនជាតិ​អេធីយ៉ូពី​ម្នាក់​ជា​មនុស្ស​កម្រៀវ​ ហើយ​ជា​មន្ដ្រី​រាជវាំង​របស់​ព្រះនាង​កាន់ដេស​ដែល​ជា​មហា​ក្សត្រិយានី​របស់​ជនជាតិ​អេធីយ៉ូពី។​ គាត់​មើល​ខុសត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ព្រះនាង។​ គាត់​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ​

28. ហើយ​ពេល​គាត់​កំពុង​ជិះ​រទេះ​សេះ​របស់​គាត់​ត្រលប់​ទៅ​វិញ​ គាត់​ក៏​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​

29. ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​

30. នៅពេល​រត់​ទៅ​ទាន់​រទេះ​សេះ​នោះ​ លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដូច្នេះ​លោក​ភីលីព​ក៏​សួរ​ថា៖​ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?»​

31. គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​

32. បទគម្ពីរ​ដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អាន​គឺ​ លោក​ត្រូវ​គេ​នាំ​ទៅ​ដូចជា​ចៀម​ ដែល​គេ​យក​ទៅ​សម្លាប់​ ហើយ​ដូចជា​កូន​ចៀម​ ដែល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម​ ដូច្នេះ​ហើយ​បាន​ជា​លោក​មិន​បើក​មាត់​និយាយ​សោះ។​

33. នៅពេល​លោក​ត្រូវ​គេ​បន្ទាប​បន្ថោក​ លោក​មិន​បាន​ទទួល​សេចក្ដី​យុត្តិធម៌​ទេ។​ តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់​លោក​បាន?​ ព្រោះ​គេ​បាន​ដក​យក​ជីវិត​របស់​លោក​ពី​ផែនដី​នេះ​បាត់​ហើយ។​

សូមអានជំពូកពេញលេញ កិច្ចការ 8