19. ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរ ដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើបានទទួលព្រះវិញ្ញាណបរិសុទ្ធ»
20. ប៉ុន្ដែលោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់ទិញអំណោយទានរបស់ព្រះជាម្ចាស់បាន!
21. ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។
22. ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក
23. ដ្បិតខ្ញុំឃើញថា អ្នកជាប់នៅក្នុងសេចក្ដីជូរល្វីង និងចំណងនៃសេចក្ដីទុច្ចរិត»
24. ពេលនោះ លោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះ កើតឡើងចំពោះខ្ញុំឡើយ»។
25. ពេលអ្នកទាំងពីរនោះបានធ្វើបន្ទាល់ និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
26. នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។
27. ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវ ហើយជាមន្ដ្រីរាជវាំងរបស់ព្រះនាងកាន់ដេសដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។ គាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ
28. ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល
29. ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។
30. នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?»
31. គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។